ខេត្តមណ្ឌលគិរី ៖ រថយន្តកែច្នៃមួយគ្រឿងដឹកឈើអារគ្រឿងផ្ទះរកស៊ីដុះស្លែជាយូរយារណាស់មកហើយ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ ដូច្នេះហើយទើបថ្ងៃនេះមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តទ្រាំមិនបានក៏ធ្វើការបង្ក្រាបតែម្តង ដោយរឹបអូសយកទៅរក្សាទុកនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី។
ការបង្ក្រាបនេះមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ស្ថិតនៅក្នុងភូមិពូត្រុំថ្មី សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលរមនា និងអង្គការអភិរក្សធនធានធម្មជាតិប្រចាំខេត្តមណ្ឌលគិរីផងដែរ។
តាមប្រភពបានឱ្យដឹងថា ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញបានរឹបអូសរថយន្តកែច្នៃដឹកឈើអារប្រភេទគ្រឿងផ្ទះយកទៅរក្សាទុកនិងធ្វើការវាស់វែងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ប៉ុន្តែអ្នកបើកបររថយន្តដឹកបទល្មើសបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ៕
ដោយ៖ ជីវ័ន្ត