ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវីតដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ស្នាក់នៅក្នុងការដ្ឋានសំណង់បន្ទាប់ពីស្រ្តីជាប្រពន្ធរស់នៅជាមួយមិនចុះសម្រុងគ្នា ហើយនាំកូនប្រុសម្នាក់រត់ចោលទុកឱ្យគាត់រស់នៅតែតោល ជាមួយកូនប្រុសអាយុ៩ឆ្នាំម្នាក់ទៀត ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅបន្ទប់លេខ ០៦៧G ផ្លូវលេខ១០៣ ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ភ្លាមៗ នោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែគាត់បានស្លាប់បាត់ទៅហើយ ។
បុរសដែលគិតខ្លី ត្រូវបាននគរបាលឱ្យដឹងថា ឈ្មោះ សម រដ្ឋា អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ ខាងលើ មានប្រពន្ធនិងកូនប្រុស២នាក់។
តាមសម្តីក្រុមគ្រួសារបានឱ្យដឹងថា បុរសរូបនោះបានចងកសម្លាប់ខ្លួននឹងខ្សែ អង្រឹង ភ្ជាប់ទៅនឹងស្នួហាលខោអាវ នៅក្នុងបន្ទប់ ហើយស្លាប់ដូចបំណង់ ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេល កើតហេតុ គេឃើញបុរសរូបនោះបានទិញស្រាបៀរចំនួន៣កំប៉ុងយកមកផឹកនៅក្នុងបន្ទប់ជួល។បន្ទាប់ពីផឹកស្រវឹងហើយ បុរសរូបនោះក៏បានយកខ្សែអង្រឹងមកចងកសម្លាប់ខ្លួន ហើយត្រូវបានកូនប្រុស ដែលរត់លេងនៅក្បែរនោះឃើញក៏បានរត់ចេញស្រែកប្រាប់ឪពុកមា និងអ្នកជិតខាងឱ្យមកជួយនាំគ្នាកាត់ខ្សែ ទម្លាក់ ហើយហៅម៉ូតូកង់៣ដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែ ត្រូវបានគ្រូពេទ្យប្រាប់ថាស្លាប់បាត់ទៅហើយ ។
តាមក្រុមគ្រួសារបានឱ្យដឹងថា បុរសរូបនោះមានប្រពន្ធនិងកូនប្រុសចំនួន២នាក់ ដែលកូនបងអាយុ៩ឆ្នាំ និងកូនប្អូនអាយុ ៥ឆ្នាំ ។
មួយរយៈចុងក្រោយនេះ ជីវិតគ្រួសារក៏បានប្រេះឆាមានភាពរកាំរកូស ដោយមានការឈ្លោះប្រកែកគ្នាជាប្រចាំ តែពុំដឹងថា មកពីមូលហេតុអ្វីពិតប្រាកដឡើយ ។
តាមក្រុមគ្រួសារបានឱ្យដឹងថា កាលពីថ្ងៃទី១ខែកម្ភៈឆ្នាំ២០២១ខណៈពេលចេញពីធ្វើការសំណង់វិញបុរសរូបនោះបានហូបបាយថ្ងៃត្រង់ជុំគ្នាជាមួយកូនប្រុសរបស់ខ្លួននិងប្អូនថ្លៃហើយបាននិយាយប្រាប់ផ្តាំទៅប្អូនថ្លៃប្រុសថាឯងមើលកូនប្រុសបងផង ហើយទៅបើកលុយរួចសងគេជំនួសបងចំនួន៥ម៉ឺនរៀលផង។
ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា រយៈពេលប្រមាណជាង១ខែមកហើយ ស្រ្តីជាប្រពន្ធ ក៏បានសម្រេចចិត្តចុះចោល ផ្ទះ(លែងលះគ្នា )ដោយយកកូនប្រុសអាយុ ៥ឆ្នាំទៅរស់នៅធ្វើការនៅខេត្តកំពង់ស្ពឺ ។
តាមក្រុមគ្រួសារឱ្យដឹងទៀតថា មូលហេតុ ដែលនាំឱ្យគ្រួសារនេះបែកបាក់គ្នាឈ្លោះទាស់ទែងគ្នា ហើយប្រពន្ធរត់ចោលដោយសារតែភាពក្រីក្រ ព្រោះមួយរយៈនេះប្តីមិនស្រូវមានការងារធ្វើ ។ បន្ទាប់ពី ប្រពន្ធរត់ចោលធ្វើឱ្យបុរសរូបនោះបាក់ទឹក ចិត្ត លែងមានក្តីសង្ឃឹមក្នុងជីវីត ហើយ គិតតែផឹក លែងគិតធ្វើការងារហើយ បានបញ្ចប់ជីវីតដោយចងកសម្លាប់ខ្លួនតែម្តង ។សពតម្កល់នៅសាលសពមន្ទីរពេទ្យកាល់ម៉ែត រង់ចាំនគរបាលជំនាញត្រួតពិនិត្យ រួចប្រគល់ឱ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖អរុណរះ