កម្លាំងសន្តិសុខចិនបានបំបែកការផលិតនិងលក់វ៉ាក់សំាងក្លែងក្លាយ ដោយចាប់ខ្លួនមនុស្សបានដល់ទៅជាង៨០នាក់។
កន្លងមកថ្មីៗនេះ កម្លាំងសន្តិសុខខេត្តជាំងស៊ូ រដ្ឋធានីប៉េកាំង និងខេត្តសានដុង បានបំផ្លាញដោយជោគជ័យនូវបទល្មើសផលិតវ៉ាក់សាំង Covid-19 ក្លែងក្លាយទ្រង់ទ្រាយធំ ដោយបានចាប់ខ្លួនមនុស្សជាង៨០នាក់និងរឹបអូសបានវ៉ាក់សាំងចំនួនជាង ៣០០០ ដូស។
ក្រសួងសន្តិសុខជាតិចិនបានឲ្យដឹងថា មនុស្សជាង៨០នាក់ត្រូវបានចាប់ខ្លួននៅក្នុងយុទ្ធនាការបោសសម្អាតក្រុមជនល្មើសពាក់ព័ន្ធការផលិតនិងចែកចាយវ៉ាក់សាំងក្លែងក្លាយ និងសកម្មភាពខុសច្បាប់ ជាច្រើនផ្សេងទៀតពាក់ព័ន្ធនឹងវ៉ាក់សាំង។
បណ្តាញផលិតនិងជួញដូរវ៉ា់ក់សាំងក្លែងក្លាយទទួលបានប្រាក់ចំណូលជាច្រើន ហើយការផលិតវ៉ាក់សាំងដោយប្រើប្រាស់ទឹកអំបិលសរីរវិទ្យា (Physiological saline) ធ្វើជាវ៉ាក់សាំងក្លែងក្លាយហើយលក់ទៅលើទីផ្សារក្នុងតម្លៃខ្ពស់តាំងពីខែកញ្ញាឆ្នាំ២០២០មកទល់ពេលនេះ ។ បច្ចុប្បន្នកម្លាំងសន្តិសុខបានបំបែកបណ្តាញផលិតនិងចែកចាយបានហើយ។
មិនតែប៉ុណ្ណោះក្រុមជនល្មើសបានបន្លំឯកសារធ្វើជាក្រុមមកពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង ដើម្បីទាញយកផលប្រយោជន៍ពីពលរដ្ឋ ។ បច្ចុប្បន្ន ចិនបានខិតខំចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងសហគមន៍ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ មកទល់ពេលនេះចិនចាក់វ៉ាក់សាំងជូនពលរដ្ឋបាន២៤លាននាក់ហើយ៕ដោយ៖ធី រីណា
រូបថត៖Reuters