ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ ក្នុង ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ ប្រជាជនមានការជួបជុំគ្នាច្រើនតាមគ្រួសារ តាម សហគមន៍ និង ដើរកំសាន្តតាមរមណីយដ្ឋាននានា។ ស្របពេលដែលយើងកំពុងយកចិត្តទុកដាក់ការពារការចម្លង វីរុសកូវីដ-១៩ ដែលនៅតែ ជាហានិភ័យធំនៅឡើយ ក្រសួងសុខាភិបាលក៏នៅមានការបារម្ភអំពីឱកាស ផ្ទុះជំងឺឆ្លងផ្សេងៗ ទៀត ការពុលចំណីអាហារ ការពុលស្រា ដែលជាបញ្ហាតែងតែកើតមានឡើងនៅតាមទីកន្លែងមួយចំនួន និងក្នុងក្រុម មនុស្សមួយចំនួននៅតាមភូមិ ឃុំ ស្រុក ខណ្ឌ រាជធានី ក្នុងប្រទេសកម្ពុជា ជាពិសេសនៅពេលមានពិធីផ្សេងៗ និងការដើរ លេងកំសាន្តនៅតាមទីកន្លែងនានា ដែលបណ្តាលមកពីការខ្វះខាតការប្រុងប្រយ័ត្ន និងការការពារសុខភាពរបស់បុគ្គល។ ក្រសួងសុខាភិបាល សូមលើកទឹកចិត្តគ្រប់ៗគ្នា ឲ្យចូលរួមអនុវត្តនូវវិធានការប្រុងប្រយ័ត្ន រួមទាំងការការពារផ្ទាល់ខ្លួន និង ក្រុមគ្រួសាររបស់ខ្លួនក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេន នានា ដើម្បីជៀសផុតពីបញ្ហា ពុលចំណីអាហារ ឬពុលស្រាដូចខាងក្រោមនេះ ៖ . -សូមអនុវត្តនូវកូនសោគន្លឹះ សុវត្ថិភាពអាហារដោយប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច។
-ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ លាងសំអាតបន្លែផ្លែឈើជាមួយទឹកស្អាតឲ្យបានស្អាតមុនបរិភោគ។
-សំអាតសម្ភារប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ។
-ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។
-ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ។
-កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង។
-មិនត្រូវរក្សាទុកអាហារ ជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាព . បើយើងរក្សាទុកអាហារ ក៏ដោយ ៖ ក្នុងប្រព័ន្ធត្រជាក់គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ។ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅគឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ។
-កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់។
-ប្រើប្រាស់ទឹកនិងវត្ថុធាតុដើមដែលមានសុវត្ថិភាព ។
-ទុកដាក់ថ្នាំសម្លាប់សត្វល្អិតឱ្យឆ្ងាយពីកន្លែងដែលជាប្រភពទឹកប្រើប្រាស់និងពីដៃក្មេង។
-សូមជៀសវាងការពុលស្រាដោយ កុំពិសារស្រា ដែលបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ
-ហាមដាច់ខាតកុំយកសារធាតុមេតាណុលលាយធ្វើស្រាសដែលបង្កឲ្យពុលនិងស្លាប់បាត់បង់ជីវិត។ អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខ័ណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋជៀសវាង យកសារធាតុមេតាណុល លាយធ្វើស្រាសដែលបង្កឲ្យពុលនិងស្លាប់បាត់បង់ជីវិត។
បើមានបញ្ហានៃការពុលអាហារ ឬមានរោគសញ្ញានៃការពុលស្រាដូចជា ឈឺក្បាល ក្អួត, ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យ និងព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាព ឬ ទៅមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមប្រញាប់ទៅស្វែង រកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ។
ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ ស្កាត់ការចម្លងវីរុសកូវីដ -១៩ ការចម្លងវីរុសផ្ដាសាយបក្សី (H1N1) ការពុលចំណីអាហារ ឬស្រា និងការថែរក្សាសុខភាព ឲ្យបានល្អ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក្រសួង ក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួម អនុវត្តតាមការណែនាំខាងលើនេះ អោយមានប្រសិទ្ធភាពខ្ពស់ ។
ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcroh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំ សុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។
សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិត ថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាលតាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕
ដោយ៖សុខ ខេមរា