អន្តរជាតិ៖ លោក ចេហ្វ បេហ្សូស (Jeff Bezos) កំពូលមហាសេដ្ឋីអាមេរិក និងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនយក្ស Amazon នៅថ្ងៃអង្គារទី២ ខែកុម្ភៈ ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក) បានសម្រេចចិត្តលាលែងចេញពីតំណែង ខណៈក្រុមហ៊ុនមួយនេះ ដែលលោកផ្ទាល់ជាអ្នកបង្កើត កាលពីជាង ២៧ឆ្នាំមុននោះហើយ។ ប៉ុន្តែតំណែងនេះត្រូវបានឲ្យលោក Andy Jassy ឡើងកាន់ជំនួសវិញ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន NBC នៅព្រឹកថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានដកស្រង់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ផ្ញើជូនបុគ្គលិកក្រុមហ៊ុន Amazon លោក Jeff Bezos មិនបានបញ្ជាក់ពីហេតុផលលម្អិត នៃការលាលែងតំណែងរបស់លោកឡើយ ដោយគ្រាន់តែនិយាយថា ការសម្រេចចិត្តបែបនេះ នឹងផ្ដល់ពេលវេលា និងថាមពលដែលត្រូវការ ដើម្បីផ្ដោតជាសំខាន់លើការងារពាក់ព័ន្ធនឹងមូលនិធិ Day 1 Fund, Bezos Earth Fund, ក្រុមហ៊ុន Blue Origin, កាសែត Washington Post និងរឿងដទៃៗទៀតដែលលោកចង់ធ្វើ។
បេីតាមសេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់បន្ថែមថា ការលាលែងពីតំណែងរបស់លោក Jeff Bezos នឹងចាប់ផ្ដើមអនុវត្តនៅត្រីមាសទី ៣ នៃឆ្នាំ២០២១នេះ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែកក្កដា។
គួរបញ្ជាក់ថា ទាក់ទិននឹងបញ្ហានេះដែរ លោក អ៊ែនឌី ចាសស៊ី (Andy Jassy) ដែលបច្ចុប្បន្នជានាយប្រតិបត្តិ ផ្នែកសេវាកម្មវែបសាយរបស់ក្រុមហ៊ុន Amazon នឹងត្រូវឡើងមកកាន់តំណែងជា CEO ក្រុមហ៊ុនលក់ទំនិញអនឡាញនេះតែម្តង ជំនួសលោក Jeff Bezos៕ដោយ៖ស តារា
រូបភាព៖លោក Andy Jassy