ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជសារអបអរសាទរ លោកង្វៀន ភូជុង ដែលត្រូវបានជ្រើសរើសជាថ្មី ជាអគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ អបអរសាទរជូន លោក ង្វៀន ភូជុង (Nguyen Phu Trong) ដែលបានជាប់ឆ្នោតជាថ្មី ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ នេះបើយោងតាមព្រះរាជសារ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។

ព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារថា ៖ “ក្នុងនាមប្រជារាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទរ ចំពោះ លោក ង្វៀន ភូជុង (Nguyen Phu Trong) ដែលត្រូវបានមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១៣ បោះឆ្នោតជ្រើសតាំងបន្តជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សម្រាប់អណត្តិទី១៣ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២១”។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានសម្តែងនូវព្រះរាជឫទ័យ ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក អគ្គលេខាធិការ សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងទទួលបានមហាជោគជ័យ មានការអភិវឌ្ឍរីកចម្រើន ជឿនលឿនលើគ្រប់វិស័យ និងរក្សាបាននូវតួនាទីដ៏សំខាន់នៅក្នុងតំបន់ និងនៅក្នុងពិភពលោក។

ព្រះមហាក្សត្រ ទ្រង់ សង្ឃឹមផងដែរថា ប្រជាជាតិទាំងពីរ កម្ពុជា-វៀតណាម នឹងកាន់តែមានទំនាក់ទំនងជិតស្និទ ហើយបន្តរក្សានៅសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាតិ បានកាន់តែល្អប្រសើរថែមទៀត។ ហើយទ្រង់ក៏បានប្រទានព្រះពរលោកអគ្គលេខាធិការ ទទួលបាននូវសុខភាពល្អ និងសេចក្តីសុខចម្រើនគ្រប់ប្រការ និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើប្រជាជាតិ និងប្រជាជនវៀតណាម ផងដែរ៕

ដោយ៖សូ រិយា


ចែករំលែក៖