ព័ត៌មានទាន់ហេតុការណ៍៖

អង្គការទេសចរណ៍ពិភពលោក នឹងជួយគាំទ្រកម្ពុជាក្នុងការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ ដែលធ្វើឡើងនាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូខនហ្វើរិន លោក Zhu Shanzhong នាយកប្រតិបត្តិតំណាងអង្គការទេសចរណ៍ពិភពលោក បានសន្យាជួយផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីស្តារវិស័យទេសចរកម្ពុជាឡើងវិញ។

ជំនួយបច្ចេកទេសទាំងនោះ មានដូចតទៅ៖

១៖ ការផ្តល់ជំនួយបច្ចេកទេស តាមរយៈមូលនិធិជំនួយសហប្រតិបត្តិការបច្ចេកទេសចិន-អង្គការទេសចរណ៍ពិភពលោក។

២៖ អង្គការទេសចរណ៍ពិភពលោក នឹងផ្តល់ការសហការផ្តល់ការអនុវត្តកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍អាស៊ាន ការបង្កើតមុខរបរ (Start UP) និងកម្មវិធីនវានុវត្តន៍នៅកម្ពុជា។

៣៖ គាំទ្រឲ្យកម្ពុជាធ្វើជាម្ចាស់រៀបចំកម្មវិធីបណ្តុះបណ្តាល UNWTO Asia Pacific Executive ឆ្នាំ២០២១ លើកទី១៥ នៅកម្ពុជា ដែលជាផ្នែកមួយសម្រាប់ការទាក់ទាញទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា។

៤៖ បន្តគាំទ្រសហការរៀបចំសន្និសីទអន្តរជាតិលើកទី២ ស្តីពីទេសចរណ៍ម្ហូបអាហារនៅកម្ពុជា។

៥៖ គាំទ្រសហការដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ស្តីពីរាជទូតយុវជនទេសចរណ៍មេគង្គឡាងឆាង នាអំឡុងចុងឆ្នាំ២០២១ ដែលកម្ពុជានឹងអាចសហការលើព្រឹត្តិការណ៍ផ្សេងៗទៀតរបស់អង្គការទេសចរណ៍ពិភពលោក តាមរយៈកិច្ចសហប្រតិបត្តិការវិថីសូត្ររបស់អង្គការទេសចរណ៍ពិភពលោកផងដែរ។

៦៖ គាំទ្រជំនួយបច្ចេកទេសក្នុងការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នៅអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៥។

សូមរំលឹកផងដែរថា អង្គរការទេសចរណ៍ពិភពលោកបានគាំទ្រ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែព្រះស៊ីហនុ ដែលជាសណ្តានចិត្តមនុស្សធម៌ដ៏ប្រពៃនៃមនុស្សជាតិ និងលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕

ដោយ៖  សិលា


ចែករំលែក៖