ព័ត៌មានទាន់ហេតុការណ៍៖

មុនទិវានៃក្តីស្រលាញ់ សិល្បករ និងសប្បុរសជនរួមគ្នាចែកអំណោយនិងផ្តល់ការទទួលទានអាហារដល់បុរសវ័យចំណាស់ធាក់ស៊ីក្លូជិត៣០០នាក់

ចែករំលែក៖

     ​ភ្នំពេញ៖ សិល្បករប្រុសស្រីល្បីឈ្មោះ និងសប្បុរសជនមួយចំនួនបានរួមគ្នារៀបចំកម្មវិធីទទួលទានអាហារ និងចែកអំណោយដល់បុរសវ័យចំណាស់​មានមុខរបរជាអ្នកធាក់ស៊ីក្លូនៅភ្នំពេញ រួមទាំងអ្នកបម្រើការងារផ្នែកអនាម័យ ចូលរួមទទួលទានអាហារ និងផ្តល់នូវអំណោយ។ ដែលកម្មវិធីសប្បុរសធម៌នេះគឺត្រូវបានធ្វើឡើងមុនថ្ងៃទិវានៃក្តីស្រលាញ់បានមកដល់។ កាលពីល្ងាចថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២១នេះ

លោក ករុណា ពេជ្រ បានបញ្ជាក់ថា ជាទិដ្ឋភាពដែលធ្វើឲ្យលោករំភើបក្តុកក្តួលព្រោះតែការគិតរបស់លោកទទួលបានការគាំទ្រ ជួយបន្ថែមពីសប្បុរសជនជាច្រើន។ លោកថាទីនេះដែលកន្លងទៅមានតែរថយន្តចតត្រៀបត្រាបានប្តូរមកជាចំណតរបស់ស៊ីក្លូ ដែលជារបស់បុរសវ័យចំណាស់ប្រកបរបរនេះនៅរាជធានីភ្នំពេញ។ លោកថា ជាអ្វីដែលនាំឲ្យលោកនឹកស្រណោះដល់ឪពុកដែលកំពុងសម្រាន្តលើគ្រែ ដែលលោកជាកូនមានលទ្ធភាពទិញចំណីអាហារជូនពិសាប៉ុន្តែមិនអាចពិសាបាន ក្រៅតែពីការទទួលទានតាមបំពង់អាហារដែលពេទ្យផ្តល់ឲ្យ។ លោកថានេះក៏ជាការធ្វើបុណ្យចែកទាន ដែលលោកយល់ថា ធ្វើជូនចំពោះឪពុកម្តាយគេក៏ដូចឪពុកម្តាយលោកដែរ ដែលលោកថាបុណ្យកុសល្យនេះនឹងបានទៅដល់សប្បុរសជនទាំងអស់ដែលបានរួមគ្នាមុនឱកាសទិវាក្តីស្រលាញ់បានមកដល់។ លោកបន្តថា ដើមឡើយលោកមានបំណងធ្វើក្នុងទ្រង់ទ្រាយមួយសមល្មមផ្ទាល់ខ្លួន ប៉ុន្តែដោយសារមានសប្បុរសជនជួយបន្តបន្ទាប់ទើបកម្មវិធីនេះកាន់តែរីកធំ។ លោកថា ថវិកាដែលពួកគាត់ទទួលបានក្នុងម្នាក់ៗទទួលបានមានអំណោយសម្តេចតេជោ១កញ្ចប់ ថវិកាជាង១១ម៉ឺនរៀល សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ អាហារ និង អំណោយមួយចំនួនទៀតដែលសប្បុរសជនបានចុះទៅចែកផ្ទាល់។ លោក រំពឹងថាកម្មវិធីនេះក៏នឹងជួយបណ្តុះគំនិតស្មារីតចែករំលែកក្តីស្រលាញ់គ្នា ធ្វើអំពើល្អ រួបរួមគ្នាកសាងសង្គម។ជាមួយគ្នានេះលោកក៏ថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរស របស់សប្បុរសជនទាំងអស់ដែលបានចូលជាមួយលោក ទាំងទឹកប្រាក់តិចឬច្រើនក្តីដែលលោករំពឹងថាអំពើល្អទាំងនេះនឹងកុសល្យផលបុណ្យ និងចាំជាប់ក្នុងដួងចិត្តរបស់អ្នកទាំងអស់គ្នា។

គួរបញ្ជាក់ដែរថាកម្មវិធីខាងលើមានវត្តមានសិល្បករ ភ្ញៀវកិត្តិយសជាសប្បុរសជន និងក្រុមបុរសចំណាស់មានមុខរបរធាក់ស៊ីក្លូប្រមាណ២០០នាក់អ្នកប្រកបរបរជាអ្នកសម្អាតទីក្រុង និងលោកយាយលោកតាដែលប្រកបរបរតិចតួចនាតំបន់មុខព្រះបរមរាជវាំងសរុបជិត៣០០នាក់។ ជាកម្មវិធីសប្បុរសធម៌ថ្មីមួយបន្ថែមទៀតផ្តួចផ្តើមពីតារាចម្រៀងលោក ករុណាពេជ្រ ដោយមានការចូលរួមជាហូរហែរទាំងសម្ភារៈប្រើប្រាស់ អាហារ ថវិកា សម្លៀកបំពាក់សម្រាប់ចែកជូនដល់ពួកគាត់ បន្ថែមពីលើការទទួលទានអហារជុំគ្នា និងជាកម្មវិធីឆ្លុះបញ្ចាំងពីក្តីស្រលាញ់ និងវប្បធម៌នៃការចែករំលែកផងដែរ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖