ភ្នំពេញ៖ សង្ស័យទុស្សេខ្សែភ្លើងបណ្ដាលឲ្យឆាបឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តសំរាប់លក់តាម អនឡាញ មួយកន្លែងខណៈដែលចាក់សោរពីខាងក្នុងហើយមាន នារី២នាក់ ប្រចាំការនៅក្នុងនោះយ៉ាងសន្ធោសន្ធៅ។
ហេតុការណ៍នេះបង្កឲ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណជាង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តខាងលើ ហើយក៏ទៅគោះទ្វារហៅនារីពីរនាក់ដែលនៅខាងក្នុង ពេលបើកទ្វារចេញមកក្រៅស្រាប់តែឃើញមានរងរបួសដៃនារីម្នាក់ ទើបប្រជាពលរដ្ឋបាននាំគ្នាជួយធ្វើអន្តរាគមន៍ពន្លត់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដើម្បី ជួយធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះ ភ្លាមៗនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញមកជួយធ្វើអន្តរាគមន៍ ចំនួនបួនគ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួនពីរឡាន ទើបអគ្គិភ័យរលត់ទៅវិញបានទាំងស្រុង នៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃខែឆ្នាំដដែល អគ្គិភ័យខាងលើនេះមិនបណ្ដាលឲ្យឆាបឆេះដល់ផ្ទះរបស់អ្នកជិតខាងនោះទេ។
ក្រោយបញ្ចប់ការបាញ់ទឹកពន្លត់ទៅទាំងស្រុង តាមការពិនិត្យជាក់ស្ដែងឃ្លាំងទំហំប្រមាណ៥ម៉ែត្រគុណនឹង៧ម៉ែត្រ រងការខូចខាតប្រមាណ៣០% ចំណែកគ្រឿងបន្លាស់រថយន្ត ភេសជ្ជៈ ប្រហែល១០០កេស ដែលម្ចាស់ឃ្លាំងទិញទុកតិអៀឲ្យម៉ូយ និងម៉ូតូ zoomer ១គ្រឿងឆេះខ្ទេចគ្មានសល់ ដោយឡែកអីវ៉ាន់និងគ្រឿងបន្លាស់ផ្សេងទៀតនៅក្នុងផ្ទះមិនបានរងការខូចខាតនោះទេ៕
ដោយ៖និនសុភ័ស្ត