ព័ត៌មានទាន់ហេតុការណ៍៖

លោក ចាន់ កុលបុត្រ ៖ ស្នើដល់អាជ្ញាធរឃុំពងទឹកបន្តយកចិត្តទុកដាក់បំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ការផ្តល់សេវាសាធារណៈ និងចុះផ្ទាល់ដល់លំនៅឋានក្នុងភូមិជូនប្រជាពលរដ្ឋបានទាន់ពេលវេលា

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ចាន់ កុលបុត្រ ប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយឃុំពងទឹកស្រុករំដួលបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះជួយឃុំពងទឹកឆ្នាំ ២០២០ និងលើកទិសដៅឆ្នាំ ២០២១នាព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២១នៅស្នាក់ការគណបក្សប្រជាជនឃុំពងទឹកស្រុករំដួល។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក រស់ ផារិទ្ធ អនុប្រធានក្រុមការងារចុះជួយឃុំនិងលោក លោកស្រីអនុប្រធានក្រុមការងារបក្សឃុំនិងសមាជិកសមាជិកាបក្សក្នុងឃុំពងទឹកជាច្រើនរូបផងដែរ។

លោក ចាន់ កុលបុត្រ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពងទឹកស្រុករំដួលបានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនក៏ដូចជាលោកស្រីម៉ែនសំអនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងដល់បងប្អូនសមាជិកសមាជិការបក្សផងដែរ។

លោកបន្តថាអស់រយៈពេល ១ឆ្នាំ នៅ២០២០ កន្លងទៅនេះ ក្រុមការងារគណបក្សឃុំពងទឹក បានផ្តោតលើការយកចិត្តទុកដាក់ជាសំខាន់ លើការបង្កើនសកម្មភាពចិញ្ចឹមចលនាមហាជន ក្នុងគោលដៅ គ្រប់គ្រងសមាជិកបក្ស ពង្រឹងគុណភាពសមាជិក ដែលមានស្រាប់ លើកកម្ពស់សាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស ដោយខិតខំអនុវត្តគោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ និងបែងចែកភារកិច្ចឲ្យសមាជិកម្នាក់ៗ ទទួលខុសត្រូវបានច្បាស់លាស់ រួមទាំងការកសាង និងការពង្រីកសមាជិកថ្មីបន្ថែមទៀត  គឺដោយសារមានមន្ត្រីក្រុមការងារនៅមូលដ្ឋានសកម្ម និងមានឆន្ទៈក្នុងការងារចុះជាប់ជាប្រចាំ ជាមួយប្រជាពលរដ្ឋ​ និងដោះស្រាយបញ្ហាជូនពួកគាត់ ។

លោក ចាន់ កុលបុត្រ បន្តថាមិនតែប៉ុណ្ណោះ អាជ្ញាធរឃុំបាន យកចិត្តទុកដាក់បំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ធ្វើអោយមានការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែត្រូវបានកែលម្អ ដោយបានចុះផ្ទាល់ ដល់លំនៅឋានក្នុងភូមិឃុំ  ធ្វើជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ជាអាទិ៍មាន ៖ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព គ្រួសារនិងពង្រឹងច្បាប់ និងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព កាន់តែមានភាពល្អប្រសើរ ។

ដោយចំណុចទាំងអស់នេះហើយបានធ្វើឲ្យមានការប្រែប្រួល លើទស្សនៈរបស់ប្រជាជន ឲ្យកាន់តែជឿជាក់ លើគណបក្សប្រជាជនក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

ក្នុងឱកាសនោះលោក រស់ ផារិទ្ធ អនុប្រធានក្រុមការងារចុះជួយឃុំពងទឹក ក៏បានលើកឡើងនូវចំណុចមួយចំនួន ដើម្បី ឲ្យគណបក្សឃុំនិង ក្រុមការងារគណបក្ស គប្បីយកចិត្តទុកដាក់ អនុវត្តបន្តទៅទៀត ក្នុងនោះជារួមមាន ៖

១.បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅមូលដ្ឋាន ឲ្យកាន់តែល្អ ជាពិសេស ការដឹកនាំអនុវត្តគោលនយោបាយគាំពារ ដើម្បី ជួយដល់ប្រជាពលរដ្ឋរស់នៅ មានភាពសុខសាន្ត ។

២.គណបក្សគ្រប់ថ្នាក់ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងម្ចាស់ការ ចាត់ចែងអនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែសកម្មស្វាហាប់ ដោយផ្អែកតាមផែនការសកម្មភាព ក្នុងគោលការណ៍ណែនាំនានា របស់គណបក្ស ឲ្យទាន់ពេលវេលា ប្រកបដោយភាពប្រុងប្រយ័ត្ន និងការបត់បែន និងត្រឹមត្រូវតាមច្បាប់ ។

៣.បន្តយកចិត្តទុកដាក់ជម្រុញការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គ្មានទិសដៅ និងប្រកបដោយតម្លាភាព គុណភាព និងជួយសម្រួលដោះស្រាយសំណូមពររបស់ប្រជាជន ទៅតាមតួនាទីនិងលទ្ធភាព ។

៤.បន្តពង្រឹងធ្លុងសាមគ្គីភាព ស្ថិតក្នុងជួរប្រជាជននៅមូលដ្ឋាន ដើម្បី ធានារក្សាបាននូវភាពសុខដុមរមនា ដោយគ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ឋានៈនៅក្នុងសង្គម។

៥.រក្សាប្រក្រតីភាព នៃជីវភាពសង្គម សេដ្ឋកិច្ចប្រជាជន ទូទៅនិងសភាពការណ៍ជីវភាពរបស់ប្រជាជនកាន់ការប្រកួតបាល់សង្គមកិច្ចជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះ នៅក្នុងសង្គម ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។

ក្នុងឱកាសនោះដែរលោក ចាន់កុលបុត្រក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែនបើមិនមានការចាំបាច់ ។

បន្ទាប់មកលោក ចាន់ កុលបុត្រនិងលោក រស់ផារិទ្ធ ព្រមទាំងក្រុមការងារក៏បានចុះពិនិត្យមើលទីធ្លារស្នាក់ការគណបក្សឃុំពងទឹកដើម្បីស្ថាបនាសាងសង់ជាថ្មីនាពេលខាងមុខនេះផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖