ខេត្តស្ទឹងត្រែង៖ ករណីឃាតកម្មចាក់សម្លាប់យុវជនម្នាក់ស្លាប់ក្នុងថ្លុកឈាម រវាងក្មេងទំនើងពីរក្រុមមកពីឃុំខុសគ្នា ហើយក្រោយពីធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះរួច ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្នុងបរិវេណវត្តបាដឺម ភូមិបាដឺម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១១និង ៣០នាទីយប់ រហូតមកដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ សមត្ថកិច្ចនៅមិនទាន់រកឃើញនិងចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់បាននៅឡើយនោះទេ។
ប្រភពនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា: នៅយប់កើតហេតុ ក្នុងវត្តបាដឺមមានរៀបចំពិធីកម្សាន្តមួយ ហើយពេលកំពុងសប្បាយសុខៗស្រាប់តែមានករណីឃាតកម្មកើតឡើង ធ្វើឲ្យផ្អើលពេញក្នុងវត្តតែម្តង។ ប្រពភដដែលបានបន្តថា: ករណីនេះទំនងជាមានទំនាស់ពាក្យសម្តីគ្នារវាងយុវជនពីរក្រុមដែលបានឌឺដងដាក់គ្នារវាងក្រុមក្មេងទំនើងឃុំភ្លុក និងក្មេងទំនើងឃុំសាមឃួយ រហូតឈានដល់ប្រើប្រាស់អាវុធមុតស្រួចចាក់ជនរងគ្រោះចំដើមដោះខាងឆ្វេងបណ្ដាលឱ្យជនរងគ្រោះដួលស្លាប់នៅក្នុងបរិវេណវត្តតែម្តង។
បើតាមលោកឌួង ស៉ីវត្ថានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈនេះថា: ជនរងគ្រោះឈ្មោះវី ឧត្តម ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន។ លោកបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុដដែលនោះ យុវជនពីរក្រុមបានបង្កជម្លោះម្តងហើយ តែត្រូវប្រជាការពារភូមិឃាត់និងបំបែករួចបានដកហូតដាវសាមូរ៉ៃមួយចំនួនទុកអស់ហើយ។ លុះពេលយប់ជ្រៅនៅវេលាម៉ោង១១ជាងយុវជន២ក្រុមដដែលក៏បានបង្កជម្លោះគ្នាម្ដងទៀតរហូតដល់មានម្នាក់បាត់បង់ជីវិត ខណៈពេលប្រជាការពារភូមិទៅផ្ទះអស់។
បច្ចុប្បន្ននេះសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណជនដៃដល់ដែលបានចាក់សម្លាប់យុវជនម្នាក់ឱ្យស្លាប់ក្នុងថ្លុកឈាមនោះនៅឡើយទេ។ ក៏ប៉ុន្តែសមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ ព្រោះឋិតក្នុងការស្រាវជ្រាវបន្តរបស់សមត្ថកិច្ចនៅឡើយ ដើម្បីចាប់ខ្លួនជនដៃដល់នោះ មកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕
ដោយ៖មាស សុផាត