នាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀនថៃបានឲ្យដឹងថា កម្លាំងប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនលោក Lee Chung Chak មេជួញដូរគ្រឿងញៀនធំលំដាប់ទីពីរនៅក្នុងទ្វីបអាស៊ី។
លោកLee Chung Chak ជាមេខ្លោងជួញដូរគ្រឿងញៀនធំទីពីរមកពី Sam Gor ដែលជាក្រុមជួញដូរគ្រឿងញៀនធំបំផុតក្នុងទ្វីបអាស៊ី ប៉ាស៊ីហ្វិក ដោយមានប្រាក់រហូតដល់ទៅ៧០ពាន់លានដុល្លារអាមេរិក ។
សូមបញ្ជាក់ថា ការចាប់ខ្លួនលោក Lee Chung Chak តាំងពីខែតុលាឆ្នាំ២០២០ គឺក្រោយពេលប៉ុន្មានខែដែលមេជួញដូរគ្រឿងញៀនលំដាប់ទីមួយគឺលោកTse Chi Lop ត្រូវប៉ូលិសហុល្លង់ចាប់ខ្លួននៅអាកាសយានដ្ឋាន។ ប៉ូលិសហុល្លង់បានឲ្យដឹងថា លោក Tse Chi Lop គឺជាមេខ្លោងធំបំផុត របស់ក្រុមSam Gor ដោយមានឈ្មោះផ្សេងទៀតថា “The Company” ។ មេខ្លោងទាំងពីរគឺជាមិត្តភក្តិនឹងគ្នា ហើយបានដំណើរការជួញដូរគ្រឿងញៀនរយៈពេលជាង៤០ឆ្នាំកន្លងមកហើយ។
នៅក្នុងឯកសារឆ្នាំ២០១៨ ប៉ូលិសអូស្ត្រាលី បានឲ្យដឹងថា បានកំណត់គោលដៅក្រុមជួញដូរគ្រឿងញៀន ។ នៅក្នុងឯកសារ លោក Lee Chung Chak ជាអគ្គនាយក ទទួលបន្ទុកការជួញដូរគ្រឿងញៀននៅតាមព្រំដែន។
ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក Lee Chung Chak ឧត្តមសេនីយ៍Montri Yimyaem ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀនថៃបានឲ្យដឹងថា «ជនសង្ស័យត្រូវបានប៉ូលិសថៃ ចាប់ខ្លួននៅថ្ងៃទី១ខែតុលាឆ្នាំ២០២០ តាមដីកាចាប់ខ្លួនរបស់តុលាការថៃ តាមសំណើរបស់អូស្ត្រាលី ។ ពេលនេះការនាំខ្លួនទៅកាន់អូស្ត្រាលី គឺស្ថិតនៅលើតុលាការថៃ »៕
ដោយ៖ធី រីណា(រូបភាព៖BRISBANE TIMES)