ភ្នំពេញ៖ យ៉ាងហោចណាស់មានភ្ញៀវប្រមាណ៧០០នាក់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីមង្គលការ អតីតបវរកញ្ញា Miss Grand Cambodia ២០១៨ ឌី លីកា កាលពីចុងសប្តាហ៍មុននេះគឺនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២១។ មង្គលការរបស់នាងត្រូវបានរៀបចំយ៉ាងធំដុំស្របទៅនឹងកិត្តិយសកេរ្តិ៍ឈ្មោះរបស់នាងផងដែរ។
សិល្បការិនីវ័យ២៣ឆ្នាំ ឌី លីកា បានដឹកដៃស្វាមី ចូលរោងការកសាងអនាគតជាមួយគ្នាដែលធ្វើឱ្យមហាជននិងអ្នកគាំទ្រ លាន់មាត់សរសើរគ្រប់គ្នាៗ នោះគឺ ពិធីមង្គលការនេះ គឺសម្បូរទៅដោយស្រីស្អាតជាអ្នកកំដរកូនក្រមុំដូចជាអតីតកញ្ញាឯកMiss Grand Cambodia 2020 កញ្ញាសេង រដ្ឋា ម្ចាស់តំណែង Miss Grand Cambodia 2020 កញ្ញា លីវ ជីលី ជាដើម។ កម្មវិធីទទួលភ្ញៀវដែលត្រូវបានរៀបចំធ្វើឡើងនៅពិភពថ្មីសែនសុខនោះមានមានភ្ញៀវចូលរួមប្រមាណ៧០តុ រួមមានទាំងសិល្បករជាច្រើនចូលរួមផងដែរ ហើយភាគច្រើនគឺជាស្រីស្រស់ប្រុសស្អាតដែលធ្លាប់បំពេញការងារជាមួយនាងកន្លងមក។ លេចមុខវត្តមានកញ្ញាឯកជាច្រើនជំនាន់ចូលរួមមង្គលការ រួមទាំងសិល្បករប្រុសស្រីល្បីឈ្មោះ ផលិតករ ក្នុងពិធីមង្គលការងារបានឆ្លុះបញ្ចាំងពីទំនាក់ទំនង និងការបំពេញការងារបានយ៉ាងល្អក្នុងនាមជាសិល្បករ និងជាកញ្ញាឯកនានានោះ។ ស្វាមីរបស់នាង លោកកែវ អមរា ដែលគេស្គាល់ថាជាអ្នកជំនួញមានមុខមាត់ម្នាក់ផងដែរក៏បានបើកឱកាសឲ្យភរិយាបំពេញការងារនានាដែលនាងចង់ធ្វើរួមទាំងការងារសិល្បៈមិងមុខជំនួញខ្លះៗតាមអនឡាញនោះ។ អ្នកនាង ឌី លីកា បានបញ្ជាក់ថា នាងនៅតែបន្តការងារសិល្បៈជាធម្មតាក្រោយរៀបមង្គលការរួច រួមទាំងមុខជំនួញលក់ផលិតផលសុខភាពលើបណ្តាញសង្គមអនឡាញនោះ។
គេចាំបានថា កញ្ញា ឌី លីកា Miss Grand Cambodia 2018 ដែលមកខេត្តកំពង់ចាម មានកម្ពស់ ១,៧២ម៉ែត ធ្លាប់ទទួលបានការចាប់អារម្មណ៍ក្រោយពីនាងស្លៀកឈុតតំណាងជាតិ មានឈ្មោះថា “ទេពីស្រីសួគ៌បវរឦសានបុរៈ”ទទួលពិន្ទុខ្ពស់ជាងគេបំផុតពីការ Like និង Share ក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand International 2018នៅប្រទេសមីយ៉ាន់ម៉ាកាលពីអំឡុងចុងឆ្នាំ២០១៨ ។ក្រោយការប្រកួតនាងក៏ទទួលបានពានមួយ ដែលមានឈ្មោះថា Grand Pageant ‘s Choice Award ក្រោយចប់ការប្រកួត។ វិលត្រឡប់មកកម្ពុជាវិញនាងក៏ទទួលបានការផ្តល់ឱកាសពីផលិតករ មួយចំនួនឲ្យបង្ហាញសមត្ថភាពសម្តែង និងការងារបង្ហាញម៉ូតនានាមួយចំនួនបន្ថែមទៀត រួមទាំងទទួលបានការស្រលាញ់រាប់អានច្រើនពីអ្នកសិល្បៈ ៕
ដោយ៖ វឌ្ឍនា