ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនជាតិចិន៣នាក់ករណីហិង្សាដោយចេតនា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីបង្កហិង្សាដោយចេតនា ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១៧ និង០០នាទី ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ១៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឱ្យដឹងថា ករណីនេះផ្តើមចេញពីរឿងជនជាតិចិនចាប់ជនជាតិចិនដាក់ឡាន កាលពីថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង ១៨ និង៥០នាទី នៅចំណុចមុខផ្ទះលេខ១៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ភាគីទី១ មានឈ្មោះ ឈីង លូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរជាង ជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅក្នុងក្រុមហ៊ុនលក់ចែកចាយម៉ាស៊ីនត្រជាក់ក្នុង ខណ្ឌទួលគោក គ្មានលិខិតឆ្លងដែន មានសារធាតុញៀន (ត្រូវឃាត់ខ្លួនក្នុងករណីជួញដូរគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់) ហើយត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបង្ក្រាបបានកាលពីថ្ងៃទី០៧-០២-២០២១ ដោយបានរងរបួសបែកមាត់និងឈឺចុកចាប់ពេញខ្លួន។ក្រោយមកអធិការនគរបាលបឹងកេងកងបានប្រគល់ជនសង្ស័យខាងលើនេះឱ្យមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធីវិញ ព្រោះករណីនេះកើតឡើងនៅក្នុងខណ្ឌសែនសុខ។

ប្រភពបន្តទៀតថា ជនសង្ស័យខាងលើបានប្រើអំពើហិង្សាទៅលើភាគីទី២មានគ្នា២នាក់ គឺ១-ឈ្មោះ ZHU LI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅក្នុងផ្ទះសំណាក់អូរឫស្សី ខណ្ឌ៧មករា (គ្មានលិខិតឆ្លងដែន) ។
២-ឈ្មោះ WANG LA ភេទប្រុស មុខរបររកស៊ី អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅ ក្នុងផ្ទះសំណាក់អូរឫស្សី ខណ្ឌ៧មករា (គ្មានលិខិតឆ្លងដែន) ។
សម្ភារបន្សល់ទុកមាន រថយន្តម៉ាកតូយ៉ូតាអាល់ហ្វាដ ពណ៌ខ្មៅ ពាក់ស្នាកលេខភ្នំពេញ 2AD-2737 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖