ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានយុវជនម្នាក់ស្លាប់និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូនិេងម៉ូតូដែលបើកបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចក្រុងបាវិតបានឱ្យដឹងថាយុវជនដែលស្លាប់មានឈ្មោះឡាយ សុខ អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង និងអ្នករួមដំណើររងរបួសធ្ងន់មានឈ្មោះ ម៉ៅ សាមី អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១Q-៥៨៤៥។
ចំណែកភាគីម្ខាងទៀតដែលបង្កហេតុមានឈ្មោះ ភី សំណាង អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកំពោតម្រាក ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀងនិងអ្នកបើកម៉ូតូរងរបួសធ្ងន់ដូចគ្នាមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១U-៨៧០០ជិះគ្នាពីរនាក់ក្នុងទិសដៅពីកើតទៅលិចនៅលើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១Q-៥៨៤៥ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាមិនប្រកាន់ស្តាំមកបុកពេញទំហឹងបង្កភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់តែម្តង។
សពត្រូវសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងនិងធ្វើការវាស់វែងអូសយក
មធ្យោបាយម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ ដើម្បីដោះស្រាយតាមច្បាប់៕
ដោយ៖យឹម សុថាន