ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋក្នុងភូមិនាំគ្នាភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីពួកគាត់បានប្រទះឃើញសាកសពមនុស្សម្នាក់មានសភាពរលួយទៅហើយនៅសល់តែគ្រោងឆ្អឹង និងសម្លៀកបំពាក់ប៉ុណ្ណោះ។
ការប្រទះឃើញសាកសពនេះកើតឡើងពីកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងចម្ការអំពៅចិន ជាប់ត្រពាំងសេះស្ថិតនៅភូមិគុណភាពមួយ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ។
បើតាមការស្រាវជ្រាវនិងស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សាកសពនេះឈ្មោះមាស កង ភេទប្រុស អាយ៧៣ឆ្នាំ រស់នៅភូមិកំណើត ភូមិណារ៉ុង ឃុំឆែបពីរជាមនុស្សមានជំងឺសរសៃប្រសាទ។
ក្រុមគ្រូសារសពបានប្រាប់សមត្ថកិច្ចថាជនរងគ្រោះ(សព)បានបាត់ខ្លួនតាំងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ មកម្ល៉េះដោយពេលនោះក្រុមគ្រួសារសាច់ញាតិខំដើររកគ្រប់ទីកន្លែងយ៉ាងអស់ចិត្តតែមិនឃើញឡើយ។ រហូតមកដល់ថ្ងៃទី៧ ខែកុម្ភៈ នេះដែលមានរយៈពេលជិត៦ខែមកហើយទើបបានដឹងដំណឹងថាគាត់មកស្លាប់នៅទីនេះដោយដឹងតាមរយ:ប្រជាពលរដ្ឋនិងរដ្ឋអំណាចមូលដ្ឋានទូរស័ព្ទប្រាប់។
តាមរយ:សម្គាល់លើសម្លៀកបំពាក់និងភិនភាគមួយចំនួននៃសពនេះ ក្រុមគ្រួសារអះអាងថាពិតជាសពឈ្មោះមាស កង ប្រាកដមែន ដោយទំនងស្លាប់ដោយខ្យល់គរ អត់អាហារហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឆែប២ ក៏ក៏សហការជាមួយ ជំនាញព្រមទាំងបងប្អូនគ្រួសារសពដឹកយកឆ្អឹងសពទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៅរសៀលថ្ងៃនោះតែម្តងទៅ៕
ដោយ៖ប្រាថ្នា