ខេត្តបាត់ដំបង៖ បុរសជាម្ចាស់ដីស្រែម្នាក់ត្រូវអ្នកបើកគ្រឿងចក្រកាយដី (អេស្កាវ៉ាទ័រ) បើកថយក្រោយមើលមិនឃើញ បបានកិនគាត់ស្លាប់ភ្លាមៗខណ:គាត់កំពុងឈរបញ្ជាឲ្យអ្នកបើកគ្រឿងចក្រនោះកាយដីស្រែរបស់គាត់នោះ។
ឧបទ្ទវហេតុនេះកើតឡើងកាលពីរសៀលថ្ងៃ ០៧ កុម្ភ: ឆ្នាំ២០២១ នៅចំណុចអណ្ដូងដេកា ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់។
លោក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់បាននិយាយថាជនរងគ្រោះឈ្មោះ ជី វ័ន្ត ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ។រីឯអ្នកបើកអេស្កាវ៉ាទ័រឈ្មោះ រី ចំរ៉ុង អាយុ៣៦ឆ្នាំ នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ។ម្ចាស់គ្រឿងចក្រ និងម្ចាស់ដី (ជនរងគ្រោះ) ជាមិត្តភក្ដិនឹងគ្នា។ នៅវេលាកើតហេតុជនរងគ្រោះ ត្រូវគ្រឿងចក្រថយក្រោយកិនបណ្ដាលឱ្យស្លា.ប់ ដែលគេអះអាងថា ជារឿងចៃដន្យមិនមែនមានចេតនា គ្រាដែលម្ចាស់ដីបានឈរបញ្ជានៅខាងក្រោយគ្រឿងចក្រ តែពេលគ្រឿងចក្រថយក្រោយមិនបានមើលដោយប្រុងប្រយ័ត្ន ឬ មើលមិនឃើញ ស្រាប់តែកិនម្ចាស់ដីស្លា.ប់ភ្លាមៗតែម្ដង។
បើតាមចម្លើយអ្នកបើកគ្រឿងចក្របានប្រាប់ថា ដំបូងខ្លួនបាបានឃើជនរងគ្រោះ កំពុងឈរចង្អុលបង្ហាញប្រាប់ឱ្យខ្លួនកាយដី តែខ្លួនស្មានថា ក្រោយគាត់ចង្អុលប្រាប់រួច គាត់ដើរចេញ លុះពេលខ្លួនបើកថយក្រោយមើលគាត់មិនឃើញក៏កិនលើគាត់តែម្ដង។ ក្នុងករណីនេះជនសង្ស័យបានប្រាប់ថា ខ្លួនគ្មានចេតនាបើកគ្រឿងចក្រកិនម្ចាស់ដីទេ តែជារឿងចៃដន្យប៉ុណ្ណោះ។
យ៉ាងណាក្រោយកើតហេតុមន្ត្រីជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុភ្លាមៗនិងបានឃាត់ខ្លួនអ្នកបើកគ្រឿងចក្រ តាមបញ្ជាលោកស្នងការនគរបាលខេត្ត និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕
ដោយ÷ប្រាថ្នា