ភ្នំពេញ៖ «យើងនៅតែចងចាំយ៉ាងច្បាស់អំពីព្រះរាជសកម្មភាពដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ និងព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជូនដល់ប្រទេសចិននៅក្នុងកិច្ចទប់ស្កាត់ជំងឺកូវីដ-១៩ » ។ នេះបើតាមប្រសាសន៍ លោក Wang WenTian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
លោកប្រធានាធិបតី Xi JinPing ធ្លាប់បានថ្លែងក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០១៦ថា « ផឹកទឹក មិនភ្លេចដល់អ្នកជីកអណ្តូង …. ហើយ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ… ព្រះអង្គជាអ្នកជីកអណ្តូង »។
គួរបញ្ចាក់ផងដែរថា ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ១៥មុឺនដុល្លារ ( ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៥មុឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១០មុឺនដុល្លារ ) ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនូវការផ្ទុះឡើង នៃវីរុសកូវីដ-១៩ ៕
ដោយ៖សិលា