ភ្នំពេញ ៖ រថយន្តម៉ាក Toyota Prius មួយគ្រឿងត្រូវបានម្ចាស់បើកបរក្នុងល្បឿនលឿនទាំងមេឃកំពុងភ្លៀងខ្លាំងបណ្តាលឱ្យរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួនពីរកង់ ឯរថយន្តខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BH-6940បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិចក្នុងល្បឿនលឿនទាំងមេឃកំពុងភ្លៀង ស្រាប់តែដល់កន្លែងកេីតហេតុក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ រីឯរថយន្តខ្ទេចចំហៀងខាងមុខខាងឆ្វេងទៅមុខលែងរួច។ ភ្លាមៗនោះអ្នកបើកបររថយន្តបានបើកទ្វារចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ