ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់តខ្សែភ្លើងក្នុងបន្ទប់ទឹកត្រូវខ្សែភ្លើងឆក់ស្លាប់ផ្អើលគ្រួសារនិងអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារបន្ទាប់ពីបុរសចំណាស់ម្នាក់បានតខ្សែភ្លើងក្នុងបន្ទប់ទឹកខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យឆក់ហើយត្រូវបានក្រុមគ្រួសារជួយសង្គ្រោះលើកយកទៅកប់ក្នុងខ្សាច់និងធ្វើចលនារុញសង្កត់ដើមទ្រូងចុះឡើងៗ តែអកុសល ហួសពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងជ័រ ឃុំម្រាម ស្រុករមាសហែក។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះនី សំអាត អាយុ ៦៣ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋរួចមក សមត្ថកិច្ចស្រុកនិងប៉ុស្តិ៍រដ្ឋបាលបានចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន ខណៈតអំពូលភ្លើងខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យឆក់ស្លាប់នៅក្នុងបន្ទប់។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះបានចូលទៅក្នុងបន្ទប់ទឹកផ្ទះរបស់គាត់ដោយបានតខ្សែភ្លើងដោយដៃខ្លួនឯង។ ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារថាឪពុកឆក់ខ្សែភ្លើងទើបនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះលើកយកមកកប់ខ្សាច់និងធ្វើចលនា តែអកុសល ហួសពេលទៅហើយ។

ក្រោយពិនិត្យសពរួចសមត្ថកិច្ចនគរបាលបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖