ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហាន​មីយ៉ាន់ម៉ាបន្តចាប់ខ្លួនអ្នកនយោបាយស្និទ្ធលោកស្រី អោងសាន ស៊ូជី

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្ស សម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអោងសាន ស៊ូជី ​បានក្លាយជាគោលដៅចាប់ខ្លួនបន្តបន្ទាប់ពីសំណាក់យោធា ។ នៅថ្ងៃទី​១១ ខែកុម្ភៈ លោកKyaw Tint Swe ជាប្រធានការិយាល័យរបស់លោកស្រី​ ស៊ូជី ត្រូវបានចាប់ខ្លួន​។

នៅថ្ងៃទី១១ ខែកុម្ភៈ ពលរដ្ឋមីយ៉ាន់ម៉ានៅទូទាំងប្រទេសបន្តធ្វើបាតុកម្ម ឈានចូលថ្ងៃទី​៦ហើយ​ ប្រឆាំងការធ្វើរដ្ឋប្រហារ ។ សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង​ដល់រដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ហើយស្ថានភាពពេលនេះកាន់តែអាក្រក់ទៅខណៈ ដែលក្រុមបាតុករ និងកម្លាំងប៉ូលិសប៉ះទង្គិចគ្នា ។
នៅពេលនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសពីការដាក់ទណ្ឌកម្មប្រឆាំងមេដឹកនាំយោធា មីយ៉ាន់ម៉ា និងស្នើឱ្យពួកគេប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី វិញ ខណៈដែលបាតុកម្មតវ៉ានៅតែបន្តធ្វើឡើង បើទោះជាមានការបង្រ្កាបក៏ដោយ។
បើតាមលោក ចូ បៃឌិន រដ្ឋបាលរបស់លោក បាននិងកំពុងកាត់ផ្ដាច់ក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា មិនឱ្យដក ឬចូលទៅកាន់មូលនិធិប្រមាណ១ពាន់លានដុល្លារដែលកំពុងតម្កល់ទុកនៅក្នុងសហរដ្ឋអាមេរិក ហើយទណ្ឌកម្មថ្មីៗ បន្ថែមទៀត នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។ លោក បៃឌិន បានបន្ថែមដូច្នេះថា៖ «ជាថ្មី ម្ដងទៀត ខ្ញុំអំពាវនាវឱ្យយោធាភូមា ដោះលែងថ្នាក់ដឹកនាំនយោបាយ និងសកម្មជនប្រជាធិបតេយ្យ ដែលកំពុងជាប់ឃុំ ក្នុងនោះរួមមានលោកស្រី ស៊ូជី និងលោកប្រធានាធិបតី Win Myint ជាបន្ទាន់ ហើយយោធាមីយ៉ាន់ម៉ា ក៏ត្រូវតែប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញផងដែរ»៕ ដោយ៖ធី រីណា

រូបភាព៖AP


ចែករំលែក៖