ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមហ៊ុន Slack បានផ្ញើអុីមែលទៅអ្នកប្រើប្រាស់កម្មវិធី Slack សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឱ្យធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ជាបន្ទាន់ព្រោះក្រុមហ៊ុនបានរក្សាទុកលេខសម្ងាត់ទាំងនោះដោយមិនបានប្រើប្រព័ន្ធអុីនគ្រីបសិន (encryption) ចាប់ផ្ដើមពីថ្ងៃទី ២១ខែធ្នូដល់ថ្ងៃទី ២១ខែមករាកន្លងទៅនេះ។
ដើម្បីឆ្លើយតបពីការព្រួយបារម្ភរបស់អ្នកប្រើប្រាស់នោះក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនពុំទាន់បានឃើញការជ្រៀតចូលប្រើប្រាស់ណាមួយក្នុងរយៈពេលថ្មីៗនេះទេ ហើយសូមអ្នកប្រើប្រាស់កុំមានការព្រួយបារម្ភនៅពេលដែលកម្មវិធីស្នើសុំឱ្យពួកគេបញ្ចូលលេខសម្ងាត់ថ្មីនោះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា បញ្ហានេះគឺវាមានការប៉ះពាល់ទៅលើអ្នកប្រើប្រាស់ដែលបានវាយបញ្ចូលអុីមែលនិងលេខសម្ងាត់ក្នុងរយៈពេលមួយខែនោះតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកបានប្រើប្រព័ន្ធ Single-sign-on (SSO) ដែលមិនតម្រូវឱ្យលោកអ្នកវាយបញ្ចូលលេខសម្ងាត់រាល់ពេលចូលប្រើកម្មវិធីនោះ លោកអ្នកនឹងមិនចាំបាច់ធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ទេ។
សម្រាប់លោកអ្នកដែលពុំដែលប្រើកម្មវិធី Slack នោះវាគឺជាកម្មវិធីសម្រាប់អ្នកធ្វើពាណិជ្ជកម្មដើម្បីសម្រួលក្នុងការទំនាក់ទំនងនិងសហការគ្នាក្នុងការគ្រប់គ្រងកិច្ចការប្រចាំថ្ងៃ ឬគម្រោងណាមួយឱ្យកាន់តែមានភាពងាយស្រួល៕
ដោយ៖ សិលា