ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសធ្ងន់៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍២លើក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានស្រ្តីម្នាក់បានស្លាប់នៅគ្រាដែលបញ្ជូនទៅសង្គ្រោះ និងបុរសចំនួន២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍២លើកផ្សេងគ្នា ដែលបង្កឡើងដោយអ្នកបើកបររថយន្ត១គ្រឿងជ្រុលបុកមនុស្សកំពុងឈរ និងម៉ូតូនឹងម៉ូតូច្រាសទិសគ្នា ។

ហេតុការណ៍គ្រថ្នាក់ចរាចរណ៍នេះកើតឡើងគឺលើកទី.១ បានកើតឡើងនៅវេលាម៉ោង៣ និង៤៥នាទី រសៀលថ្ងៃសុក្រ ១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថៃ្ងទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅកំណាត់ផ្លូវកៅស៊ូ១ខ្សែ ត្រង់ម្ដុំដូនអាម ស្ថិតនៅភូមិ.ឃុំត្រពាំងជង ស្រុកបាកាន បង្កឡើងដោយអ្នកបើកបរ(គេចបាត់)រថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ពោធិ៍សាត់ 2B 9299។រថយន្តនេះពេលបើក មកដល់កន្លែងកើតហេតុស្រាប់តែរេចង្កូតទៅឆ្វេងដៃជ្រុលបុកស្រ្តីម្នាក់កំពុងឈរមុខតូបលក់ដូរពេញទំហឹង។ ស្រ្តីរងគ្រោះឈ្មោះ គុំ អូន អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បណ្ដាលឲ្យរងរបួសធ្ងន់ហើយបាន(ស្លាប់)នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ដោយឡែកនគរបាលក្រុងពោធិ៍សាត់ឯនេះវិញបានឲ្យដឹងដែរថា នៅវេលាម៉ោងប្រមាណ៨ និង១៥នាទី ព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែលនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៤.១៨៥ ត្រង់ចំណុចផ្លូវចូលមណ្ឌលសុខភាពព្រៃញី ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់កើតឡើងដោយម៉ូតូបុកគ្នាពេញទំហឹង។ មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1I 7015 បើកបរដោយឈ្មោះ ឃឹម ឃៀង ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត។ លុះមកដល់កន្លែងកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានអ្នកជិះម៉ូតូ១គ្រឿងម៉ាក យ៉ាម៉ាហាសុីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ បើកដោយឈ្មោះ វៃ វ៉ាត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.សង្កាត់ជាមួយគ្នា មកពីទិសខាងកើតក្នុងល្បឿនលឿនដូចហោះ រួចបានបុកពេញទំហឹងជាមួយម៉ូតូភាគីខាងលើបណ្ដាលធ្លាក់ចូលស្នាមភ្លោះទាំងម៉ូតូទាំងមនុស្សទាំងអស់គ្នា រងរបួសធ្ងន់ទងសងខាង ។

ប្រភពព័ត៌មានពីនគរបាលក្រុងដដែលបានឲ្យដឹងបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នាខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលយកយានយន្តបង្កទាំងអស់ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីធ្វើការដោះស្រាយគ្នាជាក្រោយ។ ចំពោះសពស្រ្តីខាងលើបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ឯជនរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕ដោយ៖បុឹមពិន


ចែករំលែក៖