ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២០របស់កងពលតូចអន្តរាគមន៍លេខ១ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ។ លោក សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើទទួលបានពីវគ្គហ្វឹកហ្វឺនទាំងនេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពប្រសើរឡើងថែមទៀត ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង។
មេបញ្ជាការកងទ័ពជើងគោក បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺននេះ ដែលបានដំណើរការពេញមួយឆ្នាំកន្លងមកប្រកបដោយភាពជោគជ័យ ហើយពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចស្នូល រួមទាំងភារកិច្ចផ្សេងៗទៀតរបស់អង្គភាព។
លោក មេបញ្ជាការ ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ១ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារបូរណភាពទឹកដី, ថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ក៏ដូចជាការដឹកនាំគ្រប់គ្រងកម្លាំងប្រមូលផ្តុំមានរបៀបរៀបរយ ធានាបាននូវប្រសិទ្ធភាពនៃការងារហ្វឹកហ្វឺន និងការត្រៀមអន្តរាគមន៍តាមបទបញ្ជា ជាពិសេសការចូលរួមចំណែករបស់អង្គភាពក្នុងប្រតិបត្តិការរុករក និងសង្គ្រោះអាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងគ្រោះមហន្តរាយទឹកជំនន់នៅភាគខាងលិចប្រទេស កាលពីចុងឆ្នាំ២០២០ កន្លងទៅនេះ។
មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា កត្តានាំមុខមួយនៅក្នុងការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ គឺការវាយតម្លៃទៅលើទស្សនវិស័យ តម្រូវការខ្វះខាតនិងការគម្រាមកំហែងនានាចំពោះមុខដូចជា អំពើភេរវកម្ម គ្រោះមហន្តរាយបង្កទ្បើងដោយធម្មជាតិ ឬមនុស្ស ជាដើម ព្រោះការរៀបចំផែនការ គឺជាការជួយឲ្យមានការប្រុងប្រៀបត្រៀមលក្ខណៈរួចជាស្រេចមុនស្ថានការណ៍ណាមួយកើតទ្បើង ហើយទាមទារអោយយើងធ្វើការរៀបចំកម្លាំង ការហ្វឹកហ្វឺន ការបំពាក់សម្ភារះ ឆ្លើយតបទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីហានិភ័យនានាដែលនឹងកើតទ្បើង។ ក្នុងនោះការងារហ្វឹកហ្វឺនបានដើរតួនាទីចម្បង ហើយទាមទារនូវភាពម្ចាស់ការខ្ពស់ក្នុងការពង្រឹងនូវគុណភាព ប្រសិទ្ធភាព និងភាពទាន់សភាពការណ៍ពិតជាក់ស្តែង ដើម្បីធានាដល់ការដឹកនាំបញ្ជា, ការផ្ទេរនូវបទពិសោធន៍ និងចំណេះដឹងរបស់យោធិនពីមួយជំនាន់ទៅមួយជំនាន់ទៀត, ការចងក្រង ប្រមូលនូវបទពិសោធន៍បន្សល់ទុកឲ្យជំនាន់ក្រោយៗ និងជាការត្រៀមលក្ខណៈដើម្បីអនុវត្តបទបញ្ជា និងភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានប្រគល់ជូន។
អំពីបញ្ហាជំងឺកូវីដ-១៩ លោក ហ៊ុន ម៉ាណែត បានយកឱកាសនេះ ផ្តល់ការកោតសរសើរចំពោះកងពលតូចអន្តរាគមន៍លេខ១ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានចាត់វិធានការប្រុងប្រយ័ត្នរឹងមាំ និងបានអនុវត្តនូវរាល់វិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន។ មកដល់បច្ចុប្បន្ននេះ កម្ពុជាយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ ដោយមិនទាន់មានករណីឆ្លងជំងឺកូវីដ-១៩ច្រើន ហើយករណីស្លាប់នៅក្នុងប្រទេសក៏មិនទាន់មាន ខណៈដែលប្រទេសមួយចំនួនទាំងក្នុងតំបន់ និងពិភពលោកកំពុងបន្តរងគ្រោះខ្លាំង។ លទ្ធផលដែលទទួលបានទាំងនេះ គឺដោយសារការចាត់វិធានការម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាល ជាពិសេសការដឹកនាំផ្ទាល់របស់ សម្តេចតេជោ ក្នុងការអនុវត្តវិធានការតឹងរ៉ឹងនានា និងដោយមានការចូលរួមជ្រោមជ្រែងរបស់មន្ត្រីគ្រប់ជំនាញនៃក្រសួងសុខាភិបាល និងបណ្តាស្ថាប័ន-អង្គភាពស៊ីវិល និងគ្រប់ប្រភេទទ័ព ហើយជាពិសេសពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានរួមគ្នាក្នុងការគោរពការណែនាំ និងចូលរួមអនុវត្តវិធានសុខាភិបាលនានា។ ជំហានបន្ទាប់ គឺការចាក់ថ្នាំការពារ ដើម្បីបង្កើននូវសមត្ថភាពនៃប្រព័ន្ធការពារក្នុងសារពាង្គកាយរបស់យើង ដើម្បីជួយទប់ស្កាត់នូវការឆ្លងជំងឺនេះ ប្រយោជន៍គឺជួយកាត់បន្ថយការរីករាលដាលទៅដល់ក្រុមគ្រួសារ និងសហគមន៍របស់យើង។ ចំពោះមុខត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន ក្រុមគ្រួសារ អង្គភាព និងសហគមន៍ ហើយត្រៀមលក្ខណៈអនុវត្តបទបញ្ជារបស់កងទ័ពជើងគោក អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល នៅក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមបទបញ្ជាជាក់ស្តែង ព្រមទាំងធ្វើការត្រៀមលក្ខណៈដើម្បីទទួលយកនូវការចាក់វ៉ាក់សាំង៕
ដោយ៖ សិលា