ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខេត្តកំពង់ចាម​ ឃាត់ខ្លួន​ ជន​សង្ស័យ​ម្នាក់​ដែលលួចរថយន្តកូនលោកអគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ កម្លាំង​សមត្ថកិច្ច​ចម្រុះរួមមាន​ កងអន្តរាគមន៍​,​ ជំនាញ​ព្រហ្មទណ្ឌ​ ,ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ,​ ​អធិការដ្ឋាន​នគរបាល​ស្រុក​ ,ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បានឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់​ជាមួយរថយន្តមួយគ្រឿង​ ម៉ាក BMW​ X5​ នៅ​ចំណុច​គោលដៅ​ភូមិ​បា​ធា​យ​ ស្រុក​បា​ធា​យ​ ដែលជននេះលួច​ពី​ភ្នំពេញ​ ហេីយត្រូវបេីក​ឆ្លូង​កាត់ខេត្តកំពង់ចាម​ ។ 

លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​ទទួល​ពាក្យបណ្ដឹង​ផ្ទាល់​ពី​មាត់​ពី​ ឯកឧត្តម​ គង់​ វុ​ទ្ធី​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ថា​ មាន​ករណី​ចោរកម្ម​លួច​រថយន្ដ​កូនប្រុស​របស់​លោក​ ម៉ាក​BMW​ X5​ ពាក់​ស្លាក​លេខ​ 2AQ-1944​ និង​ឯកសារ​ពាក់ព័ន្ធ​ លួច​ចេញពី​ភ្នំពេញ​ឆ្ពោះ​ឆ្លងកាត់​មក​ខេត្តកំពង់ចាម​ ។​

​បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​នេះ​ នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​ ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បាន​ចាត់​បញ្ជា​ឲ្យ​កម្លាំង​អន្តរាគមន៍​ កម្លាំង​ ជំនាញ​ព្រហ្មទណ្ឌ​ កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ សហការ​ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ចេញ​ប្រតិបត្តិការ​ ពិនិត្យ​ និង​ឃាត់​ លើ​អត្ដសញ្ញាណ​រថយន្ដ​ដែល​បាន​បាត់​នោះ​ ។​

​រហូត​មក​ដល់​ ម៉ោង​១២​និង​៣០​នាទី​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ​ ដែល​កំពុង​ ឈរជើង​នៅ​ចំណុច​គោលដៅ​ភូមិ​បា​ធា​យ​ ស្រុក​បា​ធា​យ​ ក៏​ប្រទះ​ឃើញ​រថយន្ត​មាន​អត្ដសញ្ញាណ​ដូច​ខាងលើ​ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​បាន​ឈប់​តាម​បញ្ជា​របស់​មន្ត្រី​ចរាចរណ៍​ ហើយ​កម្លាំង​ជំនាញ​បាន​ដេញ​តាម​ រហូត​មក​ដល់​ចំណុច​ភូមិ​ តា​សែន​ ឃុំ​សូ​ទិព្វ​ ស្រុក​ជើងព្រៃ​ ត្រូវ​ បាន​កម្លាំង​ជំនាញ​ឃាត់​រថយន្ដ​បាន​០១​គ្រឿង​ (​រថយន្ត​ មាន​អត្តសញ្ញាណ​ខាងលើ​)​ ។ 

ជន​ស​ង្យ័​យ​០១​នាក់ឈ្មោះ​ មេ​ត​ សុខ​ណា​ក់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​សន្តិសុខ​ មាន​ទីលំនៅ​ភូមិ​កំពង់​គោ​ ឃុំ​កំពង់​គោ​ ស្រុក​ព្រៃ​ប្រសព្វ​ ខេត្តក្រចេះ​ ។​

​ការឃាត់ខ្លួនជននេះ​ដោយមាមការចូលរួម​ សម្របសម្រួល​ការងារពី​លោក​ សាន​ សុភៈ​ ព្រះរាជអាជ្ញា​រង​ ។ 

ជនសង្ស័យ​ និង​រថយន្ដ​នាំមក​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ ដើម្បីធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ ។​ ដោយ​ក្នុង​នោះ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​ និង​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ក៏​បាន​និង​កំពុង​សាកសួរ​ និង​ពិនិត្យ​រក​សារធាតុ​ញៀន​ផង​ដែរ​ ៕វណ្ណៈ


ចែករំលែក៖