ភ្នំពេញ ៖ កម្មវិធី “ជិះកង់នៃក្ដីស្រឡាញ់” លើកទី១ នៅក្រុងព្រះសីហនុ បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីសរុប ៣៥១នាក់ មកពី ៥ប្រទេស ។ ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ រៀបចំឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។
ជាមួយការរៀបចំកម្មវិធីជិះកង់លក្ខណៈអាជីព និងកម្សាន្ដលើកដំបូងនេះ លោករដ្ឋមន្ដ្រី ថោង ខុន បានចាត់ទុកនេះគឺជាការចាប់ផ្ដើមឡើងវិញ នៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅក្រុងព្រះសីហនុ ដែលជាទីក្រុងដ៏ណីត ក្រោយការដាក់ទុនវិនិយោគយ៉ាងច្រើន ដើម្បីផ្សព្វផ្សាយ និងបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនមកកាន់តំបន់ឆ្នេរកម្ពុជា ។
លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ ទោះបីនៅតូច តែវាពិតជាបានបង្ហាញនូវការចាប់ផ្តើមសាកល្បងជាបណ្តើរៗ នូវការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តូចៗ ដែលគោរពអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ហើយដែលអាចជាការចាប់ផ្តើមនូវការបង្ហាញ និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍មួយ ដែលប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍន៍ដ៏ល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ» ។
លោកបន្ដថា «ខ្ញុំគិតថា ថ្ងៃនេះកីឡាករទាំងអស់ក៏ដូចជាប្រជាជនយើងទូទាំងប្រទេស ពិតជាមានមោទនភាពណាស់ ចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់ទីក្រុងព្រះសីហនុរបស់យើង ដែលជាទីក្រុងដ៏ចំបងមួយនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះ នាទិសនិរតី។ រាជរដ្ឋាភិបាល បានដាក់ទុនយ៉ាងច្រើនដើម្បីអភិវឌ្ឍន៍ទីក្រុងនេះ ដើម្បីបង្កើនការទាក់ទាញ អ្នកវិនិយោគនិង ទេសចរណ៍អោយបានកាន់តែច្រើនថែមទៀតមកកាន់ខេត្តនេះដែលរាជរដ្ឋាភិបាលបានកំនត់ថា ជាប៉ូលសេដ្ឋកិច្ចពហុបំណងរបស់ប្រទេសជាតិ» ។
ទន្ទឹមជាមួយគ្នាលោក គួច ចំរើន ក្នុងនាមម្ចាស់ផ្ទះបានចាត់ទុកព្រឹត្តិការណ៍ជិះកង់នេះ គឺជាការបំផុសចលនាឲ្យប្រជាពលរដ្ឋលេងកីឡា ដើម្បីពង្រឹងសមត្ថភាពផ្លូវការ ផ្លូវចិត្ត ដែលការជិះកង់នេះ ធ្វើឲ្យសរសៃសាច់ដុំ ផ្លូវដង្ហើមមានភាពរឹងមាំ និងសុខភាពល្អ ។ លោកថា ទោះបីព្រឹត្តិការណ៍នេះ មិនមែនជាការអភិវឌ្ឍជំនាញកម្រិតខ្ពស់ ប៉ុន្ដែវាជាការបំផុសចលនាកីឡាមួយ ដែលស្របគ្នាជាមួយនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។
សម្រាប់វិញ្ញាសាប្រកួត នៃព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» នេះ គឺមាន ៣ រួមមានវិញ្ញាសាអ្នកជិះកង់អាជីពចម្ងាយ ៤០គីឡូម៉ែត្រ វិញ្ញាសាប្រភេទ Fun Ride គឺជាការជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មីចម្ងាយ ២៥គីឡូម៉ែត្រ និងវិញ្ញាសា Family Couple Ride ជិះកង់ជាក្រុមគ្រួសារ និងមិត្តភ័ក្ដ្រចម្ងាយ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងតំបន់ឆ្នេរសមុទ្រ នៃក្រុងព្រះសីហនុ ។ ចំពោះអ្នកចូលរួម គឺមានពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្ដាល រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ព្រមទាំងជនបរទេស ដូចជាឥណ្ឌា ចិន ថៃ ហ្វីលីពីន និងអង់គ្លេសជាដើម ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយ NOCC និងក្រសួងទេសចរណ៍ សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ សណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ នៃខេត្តព្រះសីហនុ ព្រមចូលរួមបញ្ជ្រាបការយល់ និងផ្លាស់ប្ដូរឥរិយាបទ ក្នុងស្រទាប់យុវវ័យ នៅថ្ងៃទិវានៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ ដែលកន្លងមកយុវជនមួយចំនួននៅតែយល់ច្រឡំនូវនិយមន័យពិតនៃថ្ងៃបុណ្យនេះ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានសង្កត់ធ្ងន់លើការចូលរួមស្វែងយល់ឲ្យយល់ដឹងពីអន្ថន័យខ្លឹមសារពិតនៃទិវានៃក្តីស្រឡាញ់ សំដៅលើការគោរពស្រឡាញ់ ចំពោះឪពុកម្តាយ ក្រុមគ្រួសារ មិត្តភ័ក្រ្ត មិនមែនជាថ្ងៃដែលត្រូវលះបង់ព្រហ្មចារីយ៍ដល់គូស្នេហ៍នោះទេ ។
ឆ្លៀតឱកាសនោះ លោកបណ្ឌិត ថោង ខុន ក៏បានរំលឹកដែលថា នៅក្រុងព្រះសីហនុ កាលពីមួយឆ្នាំមុននៅ ថ្ងៃទី១៣កុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានបើកទ្វារអនុញ្ញាតឲ្យនាវាទេសចរណ៍ដ៏ធំ WESTERDAM បានចូលចតដោយសុវត្ថិភាព ដើម្បីសង្គ្រោះភ្ញៀវទេសចរអន្តរជាតិ ច្រើនជាតិសាសន៍ ជាង ១៤០០នាក់។ កាយវិការប្រកបដោយមនុស្សធម៌ របស់សម្ដេចតេជោ ត្រូវបានពិភពលោកដឹងគុណ និងផ្តល់នូវគុណតម្លៃដ៏ឧត្តុង្គឧត្តមដល់កម្ពុជាថា “កម្ពុជាជាប្រទេសតូច តែបេះដូងល្អ” ម្សិលមិញ ប្រទេសអូស្ត្រាលីក៏បានរំលឹកខួប ហើយក្រសួងទេសចរណ៍ក៏បានចេញវីដេអូមួយផ្សព្វផ្សាយផងដែរ៕
ដោយ៖ សិលា