ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋមីយ៉ាន់ម៉ាបន្តធ្វើបាតុកម្មមិនខ្វល់ពីការព្រមានរបស់យោធា

ចែករំលែក៖

ពលរដ្ឋរាប់សិបម៉ឺននាក់​បាន​បន្តធ្វើបាតុកម្មនៅទីក្រុងធំៗក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងថ្ងៃទី១៤ខែកុម្ភៈ (ជាទិវានៃក្តីស្រឡាញ់) ដើម្បីបង្ហាញពីក្តីស្រឡាញ់ ការគាំទ្រ ដល់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ាដែលត្រូវយោធាចាប់ខ្លួន ក្នុងនោះមានលោកស្រីអោង សាន ស៊ូជី ជាដើម ។ នេះជាថ្ងៃទី ៩ ហើយដែលពលរដ្ឋមីយ៉ាន់ម៉ាធ្វើបាតុកម្ម​បើទោះបីជារងនូវការគំរាមកំហែងពីកម្លាំងយោធា​ ចាប់ខ្លួនក្រុមបាតុករ​ក៏ដោយ។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ​កាលពីថ្ងៃទី​១៤ខែកុម្ភៈ បានព្រមានដល់ពលរដ្ឋមិនត្រូវ​លាក់បាំងអ្នកនយោបាយល្បីៗនៅក្នុងប្រទេសនេះឡើយ ។ ការព្រមានកើតឡើងក្រោយ​ពេលដែល​យោធាចេញ ដីកាចាប់ខ្លួន​សកម្មជននយោបាយ​ដឹកនាំការធ្វើបាតុកម្មប្រឆាំងយោធា ។
នៅក្នុងសេចក្តីប្រកាសដែលប្រព័ន្ធផ្សព្វផ្សាយយោធាមីយ៉ាន់ម៉ាបានផ្សាយ មានខ្លឹមសារថា​« ប្រសិនបើរកឃើញអ្នកនយោបាយ ហើយមិនផ្តល់ព័ត៌មានដល់កម្លាំងប៉ូលិសនឹងត្រូវជាប់ទោស ពីបទលាក់បាំង​។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមនិស្សិត​បានចូលរួមធ្វើបាតុកម្ម​នៅទីក្រុងធំៗក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីការធ្វើរដ្ឋប្រហារ​។​ ក្រុមបាតុករនិស្សិតស្លៀកឯកសណ្ឋាន​ពណ៌ស​ លើកស្លាកបដា​ទាមទារដោះលែងលោកស្រីអោងសាន ស៊ូជី​​ ដែលត្រូវយោធាចាប់ខ្លួន​កាលពីថ្ងៃទី ១ខែកុម្ភៈ ។
ការធ្វើបាតុកម្មលើកនេះ គឺមានទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក នៅក្នុងប្រទេសនេះ ។ ក្រុមបាតុករមីយ៉ាន់ម៉ា នឹងបន្តធ្វើបាតុកម្មនៅពេលខាងមុខជាបន្តទៀត​ រហូតដល់យោធាដោះលែងលោកស្រីអោងសាន ស៊ូជី និង អ្នកនយោបាយនានា៕ ដោយ៖ធី រីណា

រូបភាព៖ Telegraph


ចែករំលែក៖