ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សជាង​ ១០០នាក់រងរបួសនៅប្រទេសជប៉ុន​ ក្នុងករណីគ្រោះរញ្ជួយដីកម្រិត៧,៣ រិចទ័រ វាយប្រហារ

ចែករំលែក៖

អន្តរជាតិ​៖​ មនុស្សយ៉ាងណោចណាស់​ជាង១០០នាក់​ បានរងរបួសក្នុងករណីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារនៅតំបន់ភាគឦសាន នៃប្រទេសជប៉ុន នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ និងធ្វេីឲ្យចន្តរអគ្គីសនីត្រូវដាច់ភ្លើងជាច្រើនកន្លែង។ ជាក់ស្ដែង​តំបន់រញ្ជួយដីមួយនេះ គឺកន្លងមកក៏ធ្លាប់រងគ្រោះ ដោយសារគ្រោះរញ្ជួយដី និងរលកស៊ូណាមិ កាលពី១០ឆ្នាំមុនផងដែរ។

បេីតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានអះអាងថា​ មនុស្សច្រើនជាង ១០០នាក់ បានរងរបួស និងមិនអ្នកស្លាប់ទេ។ ខណៈដែល​រដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ ឆ្នាំ២០២១​ កំពុងសស្រាក់សស្រាំប្រមូលព័ត៌មាន ជុំវិញការខូតខាត, ចំនួនជនរងគ្រោះ និងព័ត៌មានផ្សេងទៀត។ ព្រោះកន្លែងរញ្ជួយដីនេះ កើតឡើងនៅក្នុងខេត្ត Fukushima និងតំបន់ជិតខាងផ្សេងទៀត។

សូមជម្រាបថា​ ខេត្តFukushima នេះ ធ្លាប់រងគ្រោះដោយសាររញ្ជួយដី និងរលកស៊ូណាមិម្តងហើយ នៅក្នុងឆ្នាំ២០១១ ដែលកាលនោះបង្កឱ្យមានការខូតខាត និងបំផ្លាញទ្រព្យសម្បត្តិជាច្រើនលានដុល្លារ។ សូម្បីតែរោងចក្រថាមពលនុយក្លេអ៊ែរ ក៏ត្រូវបានបំផ្លាញ ដោយគ្រោះមហន្តរាយនោះដែរ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo បាននិយាយថា​គ្រោះរញ្ជួយដី ដែលមានកម្រិតបឋម ៧,៣ រិចទ័រនេះ បានកើតឡើងនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ និងបានធ្វើឱ្យដាច់ភ្លើងប្រមាណជាង ៩០ម៉ឺនគ្រួសារ។ រហូតមកទល់ពេលនេះ មិនទាន់មានការរាយការណ៍លើទំហំខូតខាតធ្ងន់ធ្ងរនៅឡើយទេ។

ចំណែក​ទីភ្នាក់ងារឧតុនិយម​ ក៏បានអះអាងថា ដ្បិតមានគ្រោះរញ្ជួយដីក្នុងកម្រិតខ្លាំងបែបនេះមែន ប៉ុន្តែវាមិនបានបង្កឱ្យមានរលកស៊ូណាមិកើតឡើងឡើយ។ គ្រោះរញ្ជួយដីមានជម្រៅចំនួន ៦០គីឡូម៉ែត្រ និងបង្កឱ្យមានកម្រិតរញ្ជួយដល់ទីក្រុងតូក្យូ។

គួររម្លឹកដែរថា គ្រោះ​រញ្ជួយដីមួយ​ នៅក្នុងឆ្នាំ២០១៨ កន្លងទៅ បានវាយប្រហារលើកោះ Hokkaido ក្នុងកម្រិត ៦,៦ រិចទ័រ ដែលបង្កឱ្យមានបាក់ដី បំផ្លាញផ្ទះសម្បែង និងសម្លាប់មនុស្សច្រើនជាង ៤០នាក់៕ដោយ៖ស​ តារា​

រូបភាព​៖(Kyodo Photo via Reuters)


ចែករំលែក៖