ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន ៖ ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកជួយសម្របសម្រួល រៀបចំចងក្រងកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម

ចែករំលែក៖

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ វេង សាខុន បានថ្លែងឲ្យដឹងថា, ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម (បន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់) ឲ្យរីក ចម្រើន ធានាបានសន្តិសុខស្បៀង និងធានាដល់ការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា “ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE។ ASPIRE បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកជួយសម្របសម្រួល រៀបចំចងក្រងកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញកសិផល ជាបណ្តុំអាជីវកម្មសរុបមានចំនួន១ ៩២០ មានសមាជិកចំនួន ៦១ ៧៣៥គ្រួសារ នៅទូទាំង ២៤រាជធានី-ខេត្ត។ មិនតែប៉ុណ្ណោះ ASPIRE ក៏បានជួយគាំទ្រទាំងបច្ចេកទេស និងសម្ភារដើម្បីធ្វើឲ្យបណ្តុំទាំងនោះប្រកបអាជីវកម្មរបស់ខ្លួនពោរពេញទៅដោយវិបុលភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ធានាបាននូវនិរន្តរភាពផលិតកម្ម។ ដោយសារការខិតខំប្រឹង ប្រែង យកចិត្តទុកដាក់ ឈរលើស្មារតីទទួលខុសត្រូវពីថ្នាក់ដឹកនាំ មន្រ្តីកម្មវិធី និងអ្នកពាក់ព័ន្ធ សំខាន់ៗ ជាលទ្ធផល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភ: ASPIRE បានរៀបចំពិធីចុះ ហត្ថលេខាលើកិច្ចសន្យាចំនួន១៦ និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ០២ ស្តីពី “ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឱឡឹកសាច់លឿង និងមាន់សាច់” ដែលពិធីដ៏មានសារសំខាន់នេះ ស្ថិតក្រោមអធិបតីភាព លោករដ្ឋមន្ត្រី វេង សាខុន និងដោយមានការចូល រួមពីសំណាក់លោកថ្នាក់ដឹកនាំក្រសួង លោកតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធ ប្រធាន/អនុប្រធានមន្ទីរ តំណាងមូលនិធិអន្តរជាតិសម្រាប់ការ អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ដៃគូអភិវឌ្ឍន៍ បណ្តុំអាជីវកម្ម លេខាធិការដ្ឋាន ASPIRE and S-RET លោក លោកស្រីតំណាងក្រុមហ៊ុន និងតំណាងបណ្តុំអាជីវកម្មយ៉ាងច្រើនកុះករ។

នាឱកាសនៃការជួបជុំរវាងម្ចាស់ជំនួយ អ្នកអនុវត្តកម្មវិធី អ្នកផលិត បណ្តុំអាជីវកម្ម និងអ្នកបញ្ជាទិញ ស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគី ឈានដល់ការសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងនាពេលនេះ និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍សង្ខេបរបស់ លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ជានាយកកម្មវិធី អំពីវឌ្ឍនភាពរបស់កម្មវិធី ASPIRE និងដំណើរការនៃការរៀបចំ និងគោលបំណងរបស់កម្មវិធីនាព្រឹកនេះ ដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសមិទ្ធផលយ៉ាងធំធេងដែល ASPIRE សម្រេចបាន ជាពិសេសបានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទ:សហការអនុវត្តកម្មវិធី ចូលរួមផលិតស្បៀង ផ្គត់ផ្គង់ឲ្យទីផ្សារ និងប្រើប្រាស់បន្លែ ដំណាំ មាន់សាច់ ប្រកបដោយសុវត្ថិភាព ចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូលគ្រួសារ រក្សានិរន្តរភាពបរិមាណផ្គត់ផ្គង់ បង្កើនតម្លៃបន្ថែម បង្កើនផលិតភាពផលិតកម្មក្នុងស្រុក និងកាត់ បន្ថយការនាំចូល។ លោកបានបន្តថា ក្រសួងតាមរយៈថវិកាកម្មវិធីរដ្ឋ និងគម្រោងដៃគូ បាននិងកំពុងជំរុញ និងលើកទឹកចិត្តឲ្យកសិករខិតខំផលិតបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូល ឆ្លើយតបទៅ នឹងតម្រូវការទីផ្សារដែលមាននិន្នាការកើនឡើងនៃការបរិភោគបន្លែ ដំណាំ ត្រី និងសាច់ក្នុងស្រុកប្រកបដោយគុណភាព និងសុវត្ថិភាព។ ជាក់ស្តែង តាមរបាយការណ៍របស់ ASPIRE បង្ហាញថាបច្ចុប្បន្ន មានបណ្តុំអាជីវកម្មចម្រុះចំនួន ១ ៩២០បណ្តុំ និងមានសមាជិកចំនួន ៦១ ៧៣៥ គ្រួសារ នៅទូទាំង ២៤រាជ ធានី-ខេត្ត និងមានសហគមន៍ផលិតបន្លែចំនួន ២៥៩សហគមន៍ និងមានកសិករចំនួន ៤៣២ក្រុម កំពុងផលិតបន្លែសុវត្ថិភាព (របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម)។ ជាមួយគ្នានេះ ក៏មានកសិករពាណិជ្ជករបន្លែ ដំឡូងមី ស្រូវ ស្វាយ ឱឡឹក មាន់ស្រែ និងត្រី ហើយក្រុមហ៊ុនឯកជនមួយចំនួនក៏បាននិងកំពុងចូលរួមជំរុញផលិតកម្មបន្លែសុវត្ថិភាពដោយអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធដំណក់ទឹក ប្រើប្រាស់ធាតុចូលកសិកម្មជាលក្ខណបច្ចេកទេស។ ស្តែងចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ និងមន្រ្តីកម្មវិធី ប្រធាន/អនុប្រធានមន្រ្តីនៃខេត្តគោលដៅទាំង ២៤ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី១៨ ខែកុម្ភ: និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងមកដោយបានឧបត្ថម្ភថវិកា ជំរុញ លើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសក្រសួងឲ្យខិតខំយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មបន្លែ ដំណាំ ត្រី សាច់ក្នុងស្រុកដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ ចំណូល បង្កើតការងារ និងឆក់យកកាលានុវត្តភាពដើម្បីពង្រីកសក្តានុពលផលិតកម្មកសិកម្មឈានទៅកាត់បន្ថយការនាំចូល ក្នុងខណ:ដែលវិស័យមួយចំនួនកំពុងជួបបញ្ហាដោយសារការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ហើយស្តែងចេញពីការខិតខំប្រឹងប្រែងពីគ្រប់ភាគី សមិទ្ធផលដែលយើងកំពុងប្រារព្វនាព្រឹកនេះគឺជាជោគជ័យមួយបន្ថែមទៀតរបស់ក្រសួង ហើយ លោកក៏សូមបែងចែកសមិទ្ធផលនេះ ជូនទៅគ្រប់ភាគីពាក់ព័ន្ធផងដែរ។

ដើម្បីឲ្យភាគីពាក់ព័ន្ធចុះអនុស្សារណៈនៃការយោគយល់គ្នា និងចុះកិច្ចសន្យានាពេលនេះ យកទៅសហការអនុវត្តឲ្យបានល្អត្រឹមត្រូវ ស្នោះត្រង់ ឈរលើស្មារតីសាមគ្គីភាព ស្វែងរកប្រយោជន៍រួម ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួនពាក់ព័ន្ធការអនុវត្តខ្លឹមសារ MOU និងកិច្ចសន្យា ការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ទាន់សម័យ ការរៀបចំចងក្រងបណ្តុំផលិត ការរៀបចំកន្លែងប្រមូលទិញ និងស្តុកកសិផល ការពង្រីកទីផ្សារ ការពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព ផ្តល់ស្លាកសញ្ញា ឬ QR Code ការអនុវត្តកសិកម្មល្អ និងការ
ជួយគាំទ្រ និងផ្សព្វផ្សាយការបរិភោគកសិផលសុវត្ថិភាព។ល។

សូមជម្រាបជូនថា ក្នុងកម្មវិធីនេះមានតំណាងក្រុមហ៊ុនចំនួន ១០ និងសហគមន៍កសិកម្មចំនួន ២ នឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយកសិករ តំណាងបណ្តុំអាជីវកម្មចំនួន ១៦ និងចុះ MoU ចំនួន ២ សម្រាប់ការទិញ លក់កសិផលសរុបជិត ៣ ៤០០ តោន ដែលមានតម្លៃសរុបប្រមាណ ១,៤ លានដុល្លារ មានជាអាទិ៍៖
I- កិច្ចសន្យាចំនួន ១៦ (បន្លែ ១២ មាន់សាច់ ០២ ស្វាយ ០១ និងឱឡឹក ០១) រួមមាន៖
១. ក្រុមហ៊ុនអាគ្រីអន និងបណ្តុំអាជីវកម្មបន្លែទួលត្រពាំងស្រស់បំព្រង បន្លែ ៧២០តោន ថ្លៃ ៣៦០ ០០០ដុល្លារ។
២. ក្រុមហ៊ុន Green Fresh Market និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពស្វាយប្រទាល បន្លែ ១៨,៧តោន ថ្លៃ១៦ ៣០០ដុល្លារ។
៣. ក្រុមហ៊ុន Bio Market និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពស្វាយប្រទាល បន្លែ ៣,៨តោន ថ្លៃ ៣ ១៥០ដុល្លារ។
៤. ក្រុមហ៊ុន Natural Garden និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពពោធិ៍តាប៉ាង បន្លែ ១៩តោន ថ្លៃ ១៦ ៧០០ដុល្លារ។
៥. ក្រុមហ៊ុន Green Garden និងបណ្តុំអាជីវកម្មបន្លែចំប៉ាព្រៃផ្តៅ បន្លែ ៦៤,៣តោន ថ្លៃ ៦២ ៥០០ដុល្លារ។
៦. ក្រុមហ៊ុនកសិ-សុវត្ថិភាព និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ក្រចាប់មានជ័យ បន្លែ ១៨,៦ តោន ថ្លៃ ១៨ ៦០០ដុល្លារ។
៧. ក្រុមហ៊ុនកសិ-សុវត្ថិភាព និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព សាមគ្គី ភូមិថ្មីវាលវង់ បន្លែ ១២,៦ តោន ថ្លៃ ១២ ៦០០ដុល្លារ។
៨. ក្រុមហ៊ុនកសិ-សុវត្ថិភាព និងបណ្តុំអាជីវកម្មបន្លែបៃតងពង្រកងវ៉ា បន្លែ ៦តោន ថ្លៃ ៣ ០០០ដុល្លារ។
៩. ក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ និងបណ្តុំអាជីវកម្មបន្លែបៃតង គោកស្រុក បន្លែ ២៩តោន ថ្លៃ ៧ ២៥០ដុល្លារ។
១០. ក្រុមហ៊ុនមាសបៃតង និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ក្រុងសែនមនោរម្យ បន្លែ ១៦៤ តោន ថ្លៃ ២០៥ ២៥០ដុល្លារ។
១១. សហគមន៍កសិកម្ម អមលាំង និងបណ្តុំអាជីវកម្មបន្លែ ភូមិដូនទិព្វ បន្លែ ៣៦៥ តោន ថ្លៃ ២៧៣ ៨៦០ដុល្លារ។
១២. សហគមន៍បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ និងបណ្តុំអាជីវកម្មបន្លែ ភូមិទំពូង បន្លែ ៥០,២ តោន ថ្លៃ ៣៧ ៦៨០ដុល្លារ។
១៣. ក្រុមហ៊ុន Green Fresh Market ជាមួយបណ្តុំអាជីវកម្មមាន់ស្រែល្ងៀងមានជ័យ មាន់សាច់ ១តោន ថ្លៃ ៦ ៥០០ដុល្លារ។
១៤. ក្រុមហ៊ុន Green Garden និងបណ្តុំអាជីវកម្មមាន់ មរតករុងរឿង មាន់សាច់ទម្ងន់ ១៨,៩ តោន ថ្លៃ១៣៥ ០០០ដុល្លារ។
១៥. ក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព អូរស្វាយ ផ្លែឪឡឹកសាច់លឿង ១៨០តោន ថ្លៃ ៨១ ០០០ដុល្លារ។
១៦. ក្រុមហ៊ុនអង្គរ Green និងបណ្តុំអាជីវកម្មស្វាយកែវរមៀតសាមគ្គីតំបែរ ស្វាយ ៩៧តោន ថ្លៃ ៣០ ៣០០ដុល្លារ។

II- MoU
១. ក្រុមហ៊ុន Green Feed និងបណ្តុំអាជីវកម្មដំឡូងមីសូភាស ដំឡូងមី ១ ០៧៥តោន ថ្លៃ ៩៤ ០០០ដុល្លារ។
២. ក្រុមហ៊ុន Green Feed និងបណ្តុំអាជីវកម្មដំឡូងមី ល្វាលើ ដំឡូងមី ៥៥០តោន ថ្លៃ៤៨ ០០០ដុល្លារ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖