ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌចំការមន បន្តជំរុញឲ្យពលរដ្ឋ យកចិត្តទុកដាក់លើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសដឹកនាំមន្ត្រីខណ្ឌ-សង្កាត់ ចុះចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអំពាវនាវឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ធ្វើឱ្យប្រជាជននៅលើសកលលោក ក៏ដូចជាប្រទេសកម្ពុជាមានការ ព្រួយបារម្ភផងដែរ ដោយអនុវត្តតាមវិធីងាយៗទៅតាមវិធានរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនេះដែរ លោក ថេង សុថុល ក៏បានប្រាប់ឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ជាមួយគ្រោះអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុគ្រាដែលរដូវក្តៅមានខ្យល់បក់ខ្លាំង ដោយនៅមុនពេលចេញពីផ្ទះសូមពិនិត្យមើលភ្លើងចង្ក្រានទានធូប និងយកចិត្តទុកដាក់ចំពោះចរន្តអគ្គិសនីចៀសវាងក្រែងភ្លេចដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម។

ជាមួយគ្នានោះផងដែរ លោកអភិបាលខណ្ឌ បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ និងក្នុងរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំចោលសំរាមពាសវាល ពាសកាល ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យ ប៉ះពាល់សុខភាពការរស់នៅ ជាពិសេសនៅរដូវវស្សាធ្វើឲ្យសំរាមទាំងនោះចូលស្ទះលូផងដែរ។

ក្នុងឱកាសនោះ លោក ថេង សុថុល បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ក្រោយពីសំណេះសំណាលសួរសុខទុក្ខរួច អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានផ្ដល់ជូននូវអំណោយមួយចំនួនដែលក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ចំនួន ១បាវ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, មី, ក្រម៉ា, ម៉ាស និងថវិកាចំនួន ៣០០០០រៀលផងដែរ ៕

ដោយ៖ជី ណា


ចែករំលែក៖