ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងដាក់ចេញវិធានការគម្លាតសង្គមថ្មី ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋកូរ៉េ មិនឱ្យប៉ះពាល់ខ្លាំងដូចវិធានការសព្វថ្ងៃ

ចែករំលែក៖

កូរ៉េខាងត្បូង៖ បើយោហតាមគេហទំព័រ(ខែ្មរនៅកូរ៉េNews) បានបញ្ជាក់ឲ្យដឹងថា, ក្នុងកិច្ចប្រជុំជាមួយបណ្តាថ្នាក់ដឹកនាំនៅវិមានប្រធានាធិបតីកូរ៉េនាព្រឹកនេះ លោកប្រធានាធិបតី មូន ជេអ៊ីនបានលើកឡើងថារដ្ឋាភិបាលកូរ៉េនឹងដាក់ចេញនូវគោលនយោបាយវិធានការគម្លាតសង្គមថ្មីសម្រាប់អនុវត្ត ចាប់ពីដើមខែក្រោយនេះទៅ ក្រោយពេលដែលកូរ៉េខាងត្បូងនឹងបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនៅចុងខែកុម្ភៈនេះ។

គេហទំព័រដដែលនេះបានបន្តថា, តាមការថ្លែងឡើងរបស់លោកប្រធានាធិបតី មូន វិធានការគម្លាតសង្គមដែលនឹងដាក់ឱ្យអនុវត្តថ្មីនេះ នឹងព្យាយាមកាត់បន្ថយការអនុវត្តជាកាតព្វកិច្ច ហើយនឹងផ្តោតមកជាការអនុវត្តតាមបែបស្ម័គ្រចិត្តច្រើនជាងមុន ដោយនឹងផ្តោតលើវិធានការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ តាមរយៈការផ្តល់ស្វយ័តភាព និងបង្កើតជាទំនួលខុសត្រូវលក្ខណៈបុគ្គលវិញ ជាជាងការបង្ខំឱ្យទាំងអស់គ្នាអនុវត្តវិធានការរួមជាកាតព្វកិច្ចដូចបច្ចុប្បន្ននេះ។

លោកប្រធានាធិបតីបញ្ជាក់ថា វិធានការគម្លាតសង្គមអនុវត្តកន្លងមកថ្វីត្បិតតែអាចទប់ស្កាត់នូវហានិភ័យបានជាលទ្ធផលគាប់ប្រសើរមែន តែគឺបានជះផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមខ្លាំងណាស់ដល់ម្ចាស់អាជីវកម្មនានាសឹងតែទូទាំងប្រទេស ជាពិសេសគឺម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកលក់ដូចតិចតួចនានា។ ជាក់ស្តែងកន្លងមក មានម្ចាស់អាជីវកម្មជាច្រើនបានតវ៉ាជាមួយរដ្ឋាភិបាលទាមទារឱ្យមានសំណងប៉ះប៉ូវការខាតបង់ជាច្រើនបណ្តាលមកពីវិធានការគម្លាតសង្គមដ៏តឹងរ៉ឹងអនុវត្តប៉ុន្មានខែចុងក្រោយនេះ។

វិធានការគម្លាតសង្គមដើម្បីទប់ស្កាត់មេរោគកូរ៉ូណាថ្មីនេះត្រូវតែមានលក្ខណៈបន្ស៉ាំ និងអាចទ្រទ្រង់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនបាន តែដើម្បីអនុវត្តវិធានការថ្មីឱ្យមានប្រសិទ្ធភាពស្មារតីទំនួលខុសត្រូវរបស់បុគ្គលត្រូវតែមានលក្ខណៈច្បាស់លាស់ជាងមុន ហើយការពិន័យចំពោះការល្មើសបំពាននិងវិធានការថ្មី ក៏នឹងត្រូវពង្រឹងឱ្យបានខ្លាំង និងធ្ងន់ធ្ងរជាងមុនផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖