ភ្នំពេញ៖ ដោយសារកត្តាមនុស្ស បើករថយន្តខ្វះការប្រុងប្រយ័ត្ន បង្កជាគ្រោះថ្នាក់ចរាចរណ៍បុករះរថយន្តនិងឡំប្រឺតាជាច្រើនគ្រឿងរងការខូចខាតយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបតេលា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តព្រូសមួយគ្រឿង បើកដោយនារីម្នាក់ និងឡំប្រឺតាមួយគ្រឿងបើកដោយបុរសម្នាក់តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ស្តុបតេលា រថយន្ត និងឡំប្រឺតាក៏បានឈប់ ស្របពេលកំពុងឈប់នោះក៏ស្រាប់តែមានរថយន្តFord Ranger មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BJ-2468 បើកតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅស្របគ្នាជាមួយរថយន្តនិងឡំប្រឺតាខាងមុខ ដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្នទើបបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍បុករះរថយន្តនិងឡំប្រឺតាដែលកំពុងតែឈប់ភ្លើងស្តុបនៅខាងមុខពេញទំហឹង បណ្ដាលឱ្យរងខូចខាតយ៉ាងខ្លាំង តែមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុរួចឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីរថយន្តFord Ranger ព្រមសងសំណងទៅឱ្យភាគីរថយន្តរងគ្រោះចំនួន ៣០០ ដុល្លារ និងម្ចាស់ឡំប្រឺតាចំនួន ៣០ ម៉ឺនរៀលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ៖រ៉ារ៉ា