ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះកាត់ដេរនិងលក់សម្លៀកបំពាក់មួយខ្នងទាំងយប់ខូចខាតអស់មួយកំណាត់ក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារឆ្លងចរន្តអគ្គិសនីផ្ទះកាត់ដេរនិងលក់សម្លៀកបំពាក់មួយខ្នងយីហោ ជាងទុំ ត្រូវអគ្គិភ័យឆាបឆេះអស់មួយកំណាត់ក្រោយ កាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នៅចំណុចបណ្តោយផ្លូវលេខ១៥១ ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គិភ័យឆាបឆេះនេះឈ្មោះ សំ ឈេម ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់ដេរនិងលក់សម្លៀកបំពាក់។ សម្ភារខូចខាត៖ ផ្ទះ១ខ្នងទំហំ៥មx៧ម ថ្មក្រោមឈើលើ ប្រក់ស័ង្កសី(ឆេះរោងបាយផ្នែកខាងក្រោយ),ម៉ាស៊ីនដេរចំនួន ៧គ្រឿង,ទូរទស្សន៍ចំនួន១គ្រឿង,ធុងបាស់ចំនួន២គ្រឿង, សម្លៀកបំពាក់(កាត់ដេរនិងលក់)មួយចំនួន។មូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
ករណីនេះ បណ្តាលឲ្យកម្លាំងពន្លត់អគ្គិភ័យរងរបួសដៃ(មុតអំបែងកែវ)ចំនួន១នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនសូគីមុិចចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦រថយន្ត។
គួរបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះផ្ទះកាត់ដេរ និងលក់សម្លៀកបំពាក់ខាងលើត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង៣ និង០៥នាទីទៀបភ្លឺថ្ងៃខែឆ្នាំដដែល៕

ដោយ ៖ ព្រែកសំរោង


ចែករំលែក៖