សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងសន្តិសុខនីហ្សេរីយ៉ានៅថ្ងៃទី១៧ខែកុម្ភៈបានប្រកាសថា ខ្មាន់កាំភ្លើងមួយក្រុមបានវាយប្រហារចាប់ខ្លួនសិស្ស និស្សិតប្រុសរាប់រយនាក់ ព្រមទាំងគ្រូបង្រៀន នៅក្នុងវិទ្យាល័យ និងមហាវិទ្យាល័យស្ថិតនៅក្នុងស្រុក Kagara រដ្ឋ Niger ភាគកណ្តាលនៃប្រទេសនេះ។
ខ្មាន់កាំភ្លើងស្លៀកពាក់ឯកសណ្ឋាន ទាហានបានវាយប្រហារអគារអន្តេវាសិកដ្ឋានរបស់សាលានៅយប់ថ្ងៃទី១៦ខែកុម្ភៈ ចាប់ខ្លូននិស្សិតប្រុសចូលទៅក្នុងព្រៃ។ មកទល់ពេលនេះគេមិនទាន់ដឹងថា មាននិស្សិតប៉ុន្មាននាក់ដែលត្រូវបានចាប់ខ្លួននៅឡើយទេ។ នៅក្នុងសាលាដែលខ្មាន់កាំភ្លើងវាយប្រហារមាននិស្សិតប្រមាណ១ពាន់នាក់កំពុងសិក្សា។
ប្រព័ន្ធផ្សព្វផ្សាយនីហ្សេរីយ៉ាបានឲ្យដឹងថា កម្លាំងសន្តិសុខនីហ្សេរិយ៉ា បានរកឃើញតម្រុយនៃទីតាំងដែលខ្មាន់កំាភ្លើងចាប់និស្សិតរាប់រយនាក់ទៅ ។ កម្លាំងសន្តិសុខកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កម្លាំងសន្តិសុខ រួមជាមួយទាហានបានព្យាយាមរំដោះនិស្សិតទាំងអស់។
កាលពីចុងខែមករា ខ្មាន់កាំភ្លើងក៏បានវាយប្រហារ ចាប់ខ្លួនមនុស្ស ៣០នាក់ និងបាញ់សម្លាប់មនុស្ស ១០នាក់ផ្សេងទៀតនៅតំបន់ភាគ ខាងជើងនៃប្រទេសនេះ។ ខ្មាន់កាំភ្លើងបានជិះម៉ូតូបាញ៉ប្រហារនៅក្នុងភូមិ Kungin រដ្ឋ Kaduna ចាប់ខ្លួនមនុស្ស៣០នាក់ ។ នៅមុនការវាយប្រហារខាងលើប៉ុន្មានម៉ោង ខ្មាន់កាំភ្លើងក៏បានវាយប្រហារសម្លាប់មនុស្ស១១នាក់នៅក្នុងភូមិ Ugnguwar Sarki រដ្ឋ Katsina ហើយប្លន់យកសត្វចិញ្ចឹមជាច្រើន។
ការចាប់ចំណាប់ខ្មាំងខ្មាន់កាំភ្លើងទាមទារប្រាក់លោះកាន់តែកើនឡើងនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយមានមនុស្សរាប់រយនាក់ត្រូវខ្មាន់កាំភ្លើងចាប់ខ្លួន។ ប៉ុន្តែ ក្រោយការចាប់បានប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ ក៏ត្រូវបានខ្មាន់កាំភ្លើងដោះលែងវិញ ក្រោយទទួលបានប្រាក់។ ក្រុមដែលតែងតែចាប់ជំរិត គឺជាក្រុមបូកូហារ៉ាម ធ្វើសកម្មភាពនៅក្នុងប្រទេសនីហ្សេរីយ៉ា និងប្រទេសជិតខាងជាច្រើនឆ្នាំកន្លងមក ហើយ៕ ដោយ៖ធី រីណា
រូបភាព៖ AFP/TTXVN