ព័ត៌មានទាន់ហេតុការណ៍៖

មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៤នាក់​ និងមិនមានអ្នកជាសះស្បេីយ​

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា,មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៤នាក់​ និងមិនមានអ្នកជាសះស្បេីយ​ ១៧ ខែកុម្ភៈ ឆ្នាំ២០២១

ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន ៤នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ)។
ទី១-បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិព្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ទី២- ស្ត្រីជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២១។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង ០២រូប ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាព សាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាក ព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១២៨នាក់ ដែលនៅ ក្នុងចំនួននេះមាន បុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១២៦នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន ១២៣ នាក់ និងមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ចំនួន ០៣នាក់។

ទី៣- ស្ត្រីជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើ ដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃ
ក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
ទី៤ – បុរសជនជាតិស្វីស អាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើ ដំណើរមកពីប្រទេសស្វីស បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់បុរសរូបនេះផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃ ក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖