ព័ត៌មានទាន់ហេតុការណ៍៖

ជនខិលខូចមិនចាំយូរទេក្នុងការបង្កើតកម្មវិធីមេរោគ សម្រាប់វាយលុកកុំព្យូទ័រ Apple MacBook ដែលប្រើប្រូសេសស័រ (Processor) M1

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីប៉ុន្មានខែមុនក្រុមហ៊ុន Apple បានចាប់ផ្ដើមដាក់លក់កុំព្យូទ័រដែលមានប្រូសេសស័រ M1 ដែលក្រុមហ៊ុនបានបង្កើត ដោយប្រើបច្ចេកវិទ្យាស្រដៀងគ្នាទៅនឹងប្រូសេសស័រដែលមាននៅក្នុងទូរសព្ទ iPhone ដែរនោះ។ ប្រូសេសស័រ គឺជាបន្ទះឈីប (Chips) ដែលមានមុខងារសម្រាប់គ្រប់គ្រងប្រព័ន្ធកុំព្យូទ័រទាំងមូល ហើយដែលយើងចូលចិត្តហៅវាថាជាខួរក្បាលរបស់កុំព្យូទ័រ។

ប្រូសេសស័រ M1 ថ្មីនេះមិនទាមទារប្រើប្រាស់ថាមពលច្រើនហើយថែមទាំងមានល្បឿនលឿនប្រសិនបើយើងប្រៀបធៀបទៅនឹងប្រូសេសស័រដែលយើងធ្លាប់ឃើញពីមុនមក ប៉ុន្តែវាទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីធ្វើការផ្លាស់ប្ដូរកូដដើម្បីអាចប្រើជាមួយនឹងប្រូសេសស័រថ្មីនេះ។ ទោះជាយ៉ាងណាក្ដី ក្នុងពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័របានរកឃើញកម្មវិធីមេរោគសម្រាប់វាយលុកចូលក្នុងកុំព្យូទ័រប្រភេទថ្មីនេះរួចមកហើយដែរ។

មេរោគថ្មីនេះគឺជាកម្មវិធីបន្ថែម (Extension) សម្រាប់កម្មវិធី Safari ដែលមានឈ្មោះថា GoSearch22 ហើយវាគឺជាមេរោគដែលបានបង្កើតឡើងសម្រាប់ប្រូសេសស័រ Intel x86។ មេរោគនេះអាចទាញយកទិន្នន័យអ្នកប្រើប្រាស់ និងបង្ហាញការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានព្រមានថា ក្រុមជនខិលខូចអាចបន្ថែមមុខងារដែលគ្រោះថ្នាក់ជាងនេះក្នុងពេលអនាគត។

ក្រុមអ្នកស្រាវជ្រាវក៏ពុំបានដឹងទេថា តើហេតុអ្វីបានជាក្រុមហ៊ុន Apple បានផ្ដល់ការអនុញ្ញាតឱ្យកម្មវិធីនេះអាចបញ្ចូលទៅក្នុងកុំព្យូទ័របាន ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនបានបិទមិនឱ្យបញ្ចូលកម្មវិធីនេះទៅក្នុងកុំព្យូទ័របានទៀតទេ៕

ដោយ៖ សិលា


ចែករំលែក៖