ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងទ័ពជើងគោក បន្តឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ បរិភោគដល់គ្រួសារអតីតយុទ្ធជន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់តាំងក្រុមជំនួយការ នាំយកនូវថវិកា ស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ។

ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ លោក មេបញ្ជាការ និងលោកស្រី នេះ នឹងត្រូវបានចែកជូនដល់គ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតពិតប្រាកដចំនួន ១៣៨គ្រួសារ នៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជំនួយឧបត្ថម្ភនោះរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ព្រមទាំងថវិកាមួយចំនួន។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ និងគិតគូរដល់សុខទុក្ខរបស់គ្រួសារអតីតយុទ្ធជន៕

ដោយ៖ សិលា


ចែករំលែក៖