ខេត្តបាត់ដំបង៖ យោងតាមរបាយការពីលោកវរសេនីយឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានប្រាប់ឲ្យដឹងថា÷ ករណីខាងលើនេះបានកើតឡើងនៅអំឡុងវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុចភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
លោក អធិការស្រុកបវេលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡើយ លួយ ភេទប្រុស អាយុ ៣៣ឆ្នាំមានទីលំនៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ ជនរងគ្រោះខណៈវិលត្រឡប់មកពីដើរលេងវិញហើយភ្លេចខ្លួនក៏ស្រាប់តែដើរទាក់ប៉ះនឹងខ្សែភ្លើងដែលគេរាយដាក់យកសត្វកណ្តុរពេលយប់តែម្តង។
លោក អធិការបន្តថា ចំណែកឯម្ចាស់ឧបករណ៍ខ្សែឆក់សត្វកណ្តុររាយដោយឪពុក កូន ២នាក់មានឈ្មោះគុណ ឃួន ភេទប្រុសអាយ៥៨ឆ្នាំជាឪពុក និងកូនឈ្មោះ ឃួន ចំណាប់ ភេទ ប្រុស អាយុ ២៩ឆ្នាំរស់នៅភូមិ-ឃុំខាងលើ។
បច្ចុប្បន្នជនបង្កហេតុត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសាកសួរហើយកសាងសំណុំរឿងដើម្បីបញ្ចូនបន្តតាមនីតិវិធី៕
ដោយ៖ស សារ៉េត