ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ កងយោធពលខេមរភូមិន្ទ ជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះក្នុងតម្លៃណាត្រូវការពារឱ្យបានរឹងមាំនូវសន្តិភាព និងប្រឆាំងដាច់ខាតបដិវត្តន៍

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា កងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ហើយទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឱ្យបានរឹងមាំនូវសន្តិភាព និងប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌, ការពារប្រជាពលរដ្ឋ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និង ការពាររដ្ឋធម្មនុញ្ញ សំដៅប្រមូលផ្តុំនូវសក្តានុពលទាំងឡាយ ដើម្បីការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ការថ្លែងបែបនេះរបស់នាយឧត្ដមសេនីយ៍ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិទ្យាស្ថានកងទ័ពជើងគោក។

នៅក្នុងឱកាសនោះ ក្រៅពីការថ្លែងវាយតម្លៃអំពីសមិទ្ធផល ដែលវិទ្យាស្ថានកងទ័ពជើងគោកសម្រេចបាន និងការថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល ប្រជាជន និងកងទ័ពរំដោះប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើន នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានទ័ពជើងគោក នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានរំលេចឡើងពីតម្លៃសន្តិភាព ដែលកើតចេញពីមនុញ្ញផលនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ហើយបានផ្តល់ឱកាសដល់សង្គមកម្ពុជាធ្វើការអភិវឌ្ឍ និងមានរីកចម្រើនលើគ្រប់វិស័យ។

បើតាមនាយឧត្ដមសេនីយ៍ «អ្វីៗទាំងអស់ គឺត្រូវចាប់ផ្តើមពីសន្តិភាពមុនគេ ដែលយើងត្រូវបានចំណាយកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គ រហូតហ៊ានពលីជីវិត ដើម្បីបុព្វហេតុសន្តិភាព។ ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឱ្យបានរឹងមាំនូវសន្តិភាព និងប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌»។

សូមបញ្ជាក់ថា កម្មវិធីហ្វឹកហ្វឺននិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ មានចំនួនសរុប ២៣៦ នាក់ ក្នុងនោះមាននិស្សិតនារី ៤០ នាក់ ដោយត្រូវធ្វើការហ្វឹកហ្វឺនជាក់ស្ដែងរយៈពេល៤ឆ្នាំ។

ក្នុងនាមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានប្រសិទ្ធិនាមវគ្គនាយទាហានទ័ពជើងគោកជំនាន់ទី៩ ជាជំនាន់«តេជោសន្តិភាព កម្ពុជា-ចិន»។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះលទ្ធផលដែលនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ សម្រេចបាននៅក្នុងការខិតខំរៀនសូត្រ ព្រមទាំងបានផ្តាំផ្ញើនិស្សិតនាយទាហានទាំងអស់ ត្រូវបន្តការសិក្សារៀនសូត្រតាមគ្រប់រូបភាព ដូចជាតាមប្រព័ន្ធអុីនធើណេត និងបច្ចេកវិទ្យាទំនើប មានន័យថា «រៀនហើយរៀនទៀត រៀនគ្មានទីបញ្ចប់ រៀនដើម្បីចេះ មិនមែនរៀនដើម្បីចប់» និងមានសេចក្តីអំណត់ តស៊ូព្យាយាម ដើម្បីសម្រេចបានជោគជ័យក្នុងការងារ។

នៅចុងបញ្ចប់នៃការថ្លែងសំណេះសំណាល នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានអំពាវនាវដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន បន្តចូលរួមសហការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល និងត្រៀមខ្លួនការចាក់វ៉ាក់សាំងដែលនឹងមកដល់នាពេលខាងមុខនេះ៕

ដោយ៖  សូរិយា


ចែករំលែក៖