អន្តរជាតិ៖ តារាម៉ូដែលដ៏ល្បីប្រចាំប្រទេសមីយ៉ាន់ម៉ា គឺលោកPaing Takhon ទំនងមិនពេញចិត្តចំពោះការធ្វេីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ស្រាប់តែនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១ម្សិលមិញនេះ លោកបានចេញមុខចេញតវ៉ាជាមួយក្រុមបាតុកម្មគាំទ្ររដ្ឋាភិបាលរបស់អ្នកស្រីអ៊ុងសាន ស៊ូជី ក្រោយអ្នកស្រីត្រូវយោធាមីយ៉ាន់ម៉ាចាប់ឃុំឃាំង។
លោក Paing Takhon ជាតារាប្រុសដែលបានបញ្ចេញមតិយ៉ាងពេញទំហឹងក្នុងការសុំការអន្តរាគមន៍ពីមជ្ឈដ្ឋានអន្តរជាតិ ដើម្បីជួយស្ដារ និងដោះស្រាយបញ្ហានានាដែលកំពុងផ្ទុះមានក្នុងប្រទេសរបស់ខ្លួន។
សូមជម្រាបថា ដំបូងឡេីយតារល្បីឈ្មោះរូបនេះ បានត្រឹមតែបង្ហោះជា Status លើបណ្ដាញសង្គមប៉ុណ្ណោះ តែពេលនេះរហូតដល់លោក និងពលរដ្ឋមីយ៉ាន់ម៉ាផ្សេងទៀតចេញមុខធ្វើបាតុកម្មអហិង្សាផ្ទាល់ គោលបំណង គឺទាមទារឲ្យពួកយោធាប្រគល់ប្រជាធិបតេយ្យដល់ប្រទេសខ្លួនវិញ។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ទេ សម្រាប់ Paing Takhon ដែលចេញមុខក្នុងបាតុកម្មនេះ បានន័យថាកន្លងមកជាច្រើនដង លោកក៏មិននៅផ្ទះដេកចាំមើលហេតុការណ៍មិនល្អកើតមានក្នុងប្រទេសនេះផងដែរ៕ដោយ៖សហការី