ខេត្តត្បូងឃ្មុំ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន រំលឹកថាតំបន់នេះ កន្លែងនេះ គ្មានផ្លូវគមនាគមន៍មកដល់ទេ សុទ្ធតែព្រៃ គ្មានសាលា គ្មានផ្លូវ ហើយប្រជាជននៅតំបន់កន្លែងនេះ គ្មានចំណេះដឹង កាលនោះចេះតែប្រុសៗទេ ស្រ្តីគ្មានចំណេះដឹងទេ ហ្នឹងសម័យមុន។ បើបានរៀនសូត្រ គឺរៀនតាមវត្ត ក្នុងកុដ្ឋិ សាលាឆាន កាលនោះមិនងាយចេះទេ។
ភាគច្រើនអ្នកបន្តបានរៀនសូត្រ មានតែអ្នកបួសរៀន ទើបបានបន្តសិក្សាជាមួយវិស័យព្រះពុទ្ធសាសានាជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។ ដោយសារកំណើនសិស្សពីមួយថ្ងៃទៅមួយថ្ងៃ ទើបថ្ងៃនេះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិនសម្រេចផ្តល់ជូនអាគារ ទទួលបានអាគារ ២ជាន់ ១២បន្ទប់ មុនគេនៅតំបន់នេះ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នេះជាចំណងដៃបន្ថែមរបស់សម្តេចជូនពលរដ្ឋក្នុងមូលដ្ឋាននេះ លើសមិទ្ធផលនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងក្មេងៗជំនាន់ក្រោយ។
ក្នុងឱកាសប្រារព្ធពិធីបញ្ចុះបឋមសិក្សាសាងសង់អគារសិក្សាថ្មីនេះ នាព្រឹកថ្ងៃទី១៩កុម្ភៈឆ្នាំ ២០២១នេះ សម្តេចប្រធានរដ្ឋសភា បានធ្វើការអំពាវនាវដល់មាតាបិតាសិស្សទំាងអស់ ត្រូវបញ្ជួនកូនទៅសិក្សាឱ្យបានគ្រប់គ្នា។
សម្តេចបានសង្កត់ធ្ងន់ថា «បើមានសាលារៀន ប៉ុន្តែមាតាបិតាសិស្សមិនបានបញ្ជួនកូនទៅសិក្សានោះគ្មានទេ»។ ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់យុវជន ដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនក្នុងការគ្រប់គ្រងនិងអភិវឌ្ឍប្រទេសជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្ពង់ខ្ពស់ហើយក្លាយជាយុវជនគំរូ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹង និងចរិយាសម្បត្តិ ដែលនឹងក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគតទាំងការគ្រប់គ្រងស្ថាប័ន ក៏ដូចជាមេគ្រួសារផងដែរ។
ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបពលរដ្ឋ អាជ្ញាធរមូលដ្ឋានពីសភាពការប្រទេសជាតិ ការីកចម្រើនរបស់សង្គមជាតិនៅក្រោមម្លប់សុខសន្តភាព ពិសេសការវិវឌ្ឍន៍ៗ នៃជំងឺកូវីដ១៩។ សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលបានគ្រប់គ្រងនិងដោះស្រាយវិបត្តិនេះបានទាន់ពេលវេលា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការណ៍ច្បាស់លាស់ ម៉ឺងម៉ាត់ ម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ដូចជាកម្មវិធីជំនួយសង្គម ពិសេសការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ ការឧបត្ថម្ភសាច់ប្រាក់ពលកម្មជូនកម្មករបាត់បង់ការងារ ការឧបត្ថម្ភសាច់ប្រាក់ចំពោះស្រ្តីមានផ្ទៃពោះ និងក្មេងអាយុក្រោម ២ឆ្នាំ និងវិធានការអន្តរាគមន៍ផែ្នកសេដ្ឋកិច្ច ជាដើម។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានកំពុងស្វះសែងរកវ៉ាក់សំាងការពារមកចាក់ជួនពលរដ្ឋដោយឥតគិតប្រាក់ នៅក្នុងនោះកាលពីពេលថ្មីៗនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងពីមិត្តចិន ប្រមាណ ៦០ ម៉ឺនដូស ហើយបានកំពុងដំណើរចាក់ជូនបុគ្គលិកអាទិភាពនានា ជាពិសេសមន្រ្តីសុខាភិបាលជួរមុខ នគរបាល និងកងកម្លំាងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាអ្នកប្រឈមខ្លាំង និងផ្ទាល់ទៅនឹងជំងឺកូវីដ១៩។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានក្រើនរំឭកចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ ត្រូវបន្តរួមគ្នាធ្វើអន្តរាគមន៍ ដោះស្រាយបញ្ហាពលរដ្ឋឱ្យទាន់ពេលវេលាចំបញ្ហាចំពោះមុខ ជាពិសេសត្រូវបន្តជំរុញលើកទឹកចិត្តពលរដ្ឋអនុវត្តវិធានការពារជំងីកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជូន មិនអាចធ្វេសប្រហែសបានឡើយដោយសារសកលោក នៅតែប្រឈមនឹងជំងឺរាតត្បាតនេះរៀងរាល់ថ្ងៃនៅឡើយ៕
ដោយ៖ សិលា