ក្លិបម្ចាស់ជើងឯក Serie A បានចេញសេចក្តីថ្លែងការណ៍ថា កីឡាករសញ្ជាតិកូឡុំប៊ី Juan Cuadrado ត្រូវបានខកខានបង្ហាញខ្លួនចំនួន៣ប្រកួតបន្ទាប់ទៀត របស់ក្រុម Juventus បន្ទាប់ពីរងរបួសសរសៃពួរ។ កីឡាករវ័យ៣២ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅពាក់កណ្ដាលតង់ទី១អំឡុងពេលដែលក្រុម Juventus បានចាញ់ក្រុម Napoli ១-០ កាលពីចុងសប្តាហ៍កន្លងទៅ។
ការធ្វើតេស្តក្រោយមកបានបង្ហាញថា ខ្សែបម្រើស្លាបរូបនេះ នៅរដូវកាលនេះបានរងរបួសសរសៃពួរ។ Cuadrado បានខកខានការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយរបស់ Juventus នៅទឹកដី Porto កាលពីថ្ងៃពុធក៏ដូចជាការប្រកួតលីកពេលប៉ះនឹង Crotone និង Hellas Verona ផងដែរ។
សេចក្តីថ្លែងការណ៍មួយរបស់ Juventus បានសរសេរថា “Juan Cuadrado បានទទួលការធ្វើតេស្តនៅឯ J | Medical ដែលបង្ហាញថាមានបញ្ហាសរសៃពួរភ្លៅខាងស្តាំ។ ក្នុងរយៈពេល១០ថ្ងៃគាត់នឹងត្រូវវាយតម្លៃឡើងវិញ” ។
បច្ចុប្បន្នក្រុមសេះបង្កង់ Juventus កំពុងឈរចំណាត់ថ្នាក់លេខ៤មាន៤២ពិន្ទុ ក្នុង២១ប្រកួត ចាញ់ក្រុមលេខ១ Inter Milan ដែលមាន៥០ពិន្ទុ ក្នុង២២ប្រកួត ក្នុងចំណាត់ថ្នាក់លីកកំពូលអ៊ីតាលី Serie A ៕ដោយ៖ភារៈ