មានករណីស្លាប់ដោយសារតែត្រូវគ្រាប់កាំភ្លើង របស់កម្លាំងទាហានមីយ៉ាន់ម៉ា ចាប់តាំងពី ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជាច្រើនថ្ងៃកន្លងមក។ អ្នកស្លាប់មានឈ្មោះថា Mya Thwate Thwate Khaing អាយុ២០ ឆ្នាំ ត្រូវទាហានបាញ់ចំក្បាលកាលពីដើមសប្តាហ៍ ពេលចូលរួមធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារ។ នាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែនៅថ្ងៃទី ១៩ខែកុម្ភៈ គ្រួសាស្ត្រីខាងលើ បានបញ្ជាក់ថា នាងបានស្លាប់ហើយ។
លោកYe Htut Aungបងប្រុស របស់ស្ត្រីរងគ្រោះ បាននិយាយតាមទូរស័ព្ទ ថា« ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ដែលបាត់បង់ប្អូនស្រី ខ្ញុំគ្មានអ្វីដែលត្រូវនិយាយទៀតឡើយ»។ គ្រូពេទ្យម្នាក់ បានឲ្យដឹងថា នាង ស្លាប់នៅវេលាម៉ោង១១ ព្រឹក ប៉ុន្តែលោក មិនបានបញ្ជាក់ឈ្មោះជនរងគ្រោះនោះឡើយ។
នាង Mya Thwate Thwate Khaing ត្រូវបញ្ជូនទៅមន្ទីរពេទ្យ នាថ្ងៃទី៩ខែកុម្ភៈ ដោយត្រូវគ្រាប់កាំភ្លើងចំក្បាល។ គ្រូពេទ្យបញ្ជាក់ថា ការបាញ់នោះគឺជាគ្រាប់កាំភ្លើងពិត មិនមែន គ្រាប់កាំភ្លើងជ័រឡើយ។
នៅពេលនេះ កម្លាំងទាហាន មីយ៉ាន់ម៉ា មិនទាន់បញ្ជាក់ពីករណីមានបាតុករម្នាក់ស្លាប់ដោយត្រូវគ្រាប់កាំភ្លើងនោះឡើយ ។ ប៉ុន្តែកន្លងមក កម្លាំងទាហាន បានបញ្ជាក់ថា នាងKhaing ត្រូវរងការបាញ់ប្រហារ ប៉ុន្តែ ក្រុមជំនាញកំពុងតែស្រាវជ្រាវ។
ការស្លាប់របស់ស្ត្រីវ័យក្មេង អាចនឹងក្លាយជាចំណុចចាប់ផ្តើមនៃការបង្កើនកំដៅធ្វើបាតុកម្មប្រឆាំងយោធាមីយ៉ាន់ម៉ា ។ ស្ថានភាព កាន់តែអាក្រក់ខណៈការធ្វើបាតុកម្ម កើនឡើងមិនខ្វល់ពីការព្រមានពី កម្លាំងទាហាន មីយ៉ាន់ម៉ា ៕ដោយ៖ធី រីណា