ខេត្តក្រចេះ÷កាលពីថ្ងៃសុក្រ ៨កើត ខែផល្គុណឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោត សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំបុក និងប្រជាការពារភូមិក្បាលជួរ សរុប៥នាក់បានចុះធ្វើប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ
(នេសាទដោយប្រើឧបករណ៍ឆក់) នៅតាមដងទន្លេ នៅចំណុចក្បាលគោលបាក់ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ដោយឃាត់ខ្លួនជនល្មើសបាន២នាក់ រួមមាន÷
1/-ឈ្មោះ អុក ផាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិកាកុត ឃុំសំបុក និង2/-ឈ្មោះ វណ្ណ ចំរើន ភេទប្រុស អាយុ
៣៣ឆ្នាំ ទីលំនៅភូមិក្បាលជួរឃុំសំបុក ស្រុកសំបូរខេត្តក្រចេះ។
មន្ត្រីមានសមត្ថកិច្ចដែលចុះធ្វើប្រតិបត្តិការនេះប្រាប់ថា ធូបសមត្ថកិច្ចបានប្រទះឃើញជនសង្ស័យទាំងពីរនាក់កំពុងធ្វើសកម្មភាពឆក់ត្រីដោយជាក់ស្ដែងទើបឃាត់ខ្លួនមកសួរនាំ។សមត្ថកិច្ចរកឃើញឧបករណ៍និងសំភារៈប្រព្រឹត្តល្មើសដោយផ្ទាល់នៅលើទូករបស់ពួកគេទាំងពីរនាក់នោះផង។
* វត្ថុតាងរឹបអូសបាននៅនឹងកន្លែងរួមមាន ÷
— ទូកធ្វើអំពីស្មាច់១គ្រឿងពណ៍បៃតងលាយខៀង ប្រវែង៦.៧ម
— ម៉ាស៊ីន១គ្រឿង ម៉ាកហ៊ីណូតា ( HINOTA) កំលាំង១៨សេះពណ៌ស្លាទុំ១គ្រឿង
— អាគុយម៉ាក GS កម្លាំង 70 អំពែ១គ្រឿង
— អាំងវែកទ័រឆក់ត្រី(ប្រភេទស្រូប) 5×18ចំនួន០១ គ្រឿង
-កន្រ្តងដងត្រីធ្វើអំពីឬស្សីភ្ជាប់ដោយខ្សែភ្លើង និងខ្សែកាបសម្រាប់តឆក់ ប្រវែង ៣.៥មចំនួន ០១ដើម ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានដឹកមកខណ្ឌរដ្ឋបាលជលផលក្រចេះ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាតំបូងខេត្តក្រចេះដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖សូរិយា