ព័ត៌មានទាន់ហេតុការណ៍៖

រឿងពិតនៃកប៉ាល់ Westerdam បង្កប់នូវសេ្នហ៍ឆ្លងដែន និងកម្ពុជា ល្បីលើសកលលោក នូវចិត្តធម៌

ចែករំលែក៖

ខ្ញុំគឺត្រកូលវ៉ាង ឈ្មោះពេញ វ៉ាង អ៉ីហ្វុង ឆ្នាំកំណើត ១៩៨៥ ជាកូនទោលក្នុងគ្រួសារមធ្យមមួយនៅសង្កាត់វ័នឆៃដែលជាតំបន់ប្រមូលផ្តុំដោយត្រកូលអភិជននៃទីក្រុងហុងកុង។ ខែមករា ២០១៩ ជាលើកទី១ ដែលខ្ញុំចូលមកទឹកដីកម្ពុជាដែលជាមិត្តជិតស្និទ្ធបំផុតរបស់ចិនដីគោក ខ្ញុំបានលឺថានៅទីនេះសម្បូរជនជាតិចិន ហើយគ្រប់គ្នាបើកទូលាយនិងមានគំនិតអន្តរជាតិណាស់ ដូច្នេះទោះខ្ញុំមិនចេះនិយាយភាសាជាតិក៏គ្មានបញ្ហាអ្វីដែរ បែបនេះហើយទើបខ្ញុំធ្វើដំណើរមកតែម្នាក់ឯងក្នុងវិស្សមកាលខ្លី។ អាកាសចរណ៍ជេស៊ីអ៊ែរឡាញបានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង៧ល្ងាច ខ្ញុំអូសវ៉ាលីចេញពីច្រកទ្វារអន្តរជាតិសំដៅរកតាក់ស៊ីដែលទើបតែហៅបានតាមរយៈកម្មវិធីមួយឈ្មោះថាPassApp។ នោះគឺរថយន្តពណ៌សតូចមួយគ្រឿង ទុកដាក់ឥវ៉ាន់ហើយខ្ញុំក៏បើកទ្វារឡានចូលទៅអង្គុយ រួចក៏ភ្ញាក់ព្រើតព្រោះទើបតែឃើញថាតៃកុងឡានរបស់ខ្ញុំគឺជាមនុស្សស្រី។ ខ្ញុំរឹតតែស្មានមិនដល់ទៅទៀតពេលនាងស្វាគមន៍ហើយសួរខ្ញុំពីទីតាំងគោលដៅជាភាសាចិនយ៉ាងស្ទាត់ជំនាញ ខ្ញុំតបរួចហើយនាងក៏លែងស្តីអ្វីទៀត មើលទៅនាងប្រហែលជាមិនមែនឆ្លាតល្មមៗទេគ្រាន់តែឃើញខ្ញុំភ្លាមក៏អាចកំណត់អត្តសញ្ញាណភាសារបស់ខ្ញុំទៅហើយ។ នាងគិតតែពីបញ្ជារឡានលើដងផ្លូវយ៉ាងស្វាហាប់មិនសួរនាំអ្វីហាក់មិនខ្វល់នឹងរូបរាងដ៏សង្ហារបស់ខ្ញុំបន្តិចសោះ។ នៅលើមហាវិថីចង្អៀតណែនដោយរថយន្តបន្តកន្ទុយគ្នាធ្វើអោយខ្ញុំស្ងប់ស្ងែងណាស់ នេះរឺកម្ពុជាដែលពិភពលោកហៅថាប្រទេសក្រីក្រ? មិនមែនទេ​ កម្ពុជាមិនក្រទេ ចុះពីយន្តហោះទើបតែបានជាងកន្លះម៉ោងខ្ញុំស្រាប់តែប្រទះឃើញរថយន្តម៉ាក Rolls-Royce ពីរគ្រឿងទៅហើយ ពិតជាស្មានមិនដល់មែន រចនាបថក្នុងទីក្រុងភ្នំពេញប្រៀបដូចជាទីក្រុងសៀងហៃកាលពី១០ឆ្នាំមុន បែបនេះហើយដែលបរទេសដណ្តើមគ្នាចូលមកវិនិយោគ។ ដោយសារការកកស្ទះចរាចរណ៍តាមផ្លូវប្រមាណជាងមួយម៉ោងទើបមកដល់គោលដៅ នោះគឺសណ្ឋាគារលំដាប់ផ្កាយ៥មួយដែលល្បីថាជាគោលដៅសំខាន់របស់អ្នកទេសចរចិន ឈ្មោះថា ណាហ្កាវើល(អគារទី២)។ ខ្ញុំមានអារម្មណ៍ថាសោកស្តាយបន្តិចដែរដែលនៅតាមផ្លូវយូរដែរហើយតែខ្ញុំមិនទាន់បានសួរនាំអ្វីពីតៃកុងនារីម្នាក់នេះព្រោះមើលទៅទឹកមុខរបស់នាងដូចជាមាំៗ ហាក់ផ្តោតទៅលើកិច្ចការធំណាមួយមិនរវល់ជាមួយរឿងកំប៉ិកកំប៉ុកចំពោះមុខ។ គិតលុយហើយនាងចុះទៅជួយលើកវ៉ាលីអោយខ្ញុំ គ្រានោះហើយដែលខ្ញុំបានឃើញរូបរាងដ៏ស្រស់ស្អាតរបស់នាងយ៉ាងច្បាស់ នាងពាក់អាវយឺតខោខៅប៊យជើងវែងសាមញ្ញប៉ុន្តែបង្ហាញដងខ្លួនដ៏ស្រឡូនទាក់ទាញ ខ្ញុំភ្លឹក១នាទីសម្លឹងមើលរាងកាយនេះដើម្បីផ្តិតចូលទៅក្នុងការចងចាំ។ ដំណើររហ័សរហួន កែវភ្នែកដ៏ឈ្លាសវៃ និងចំណេះដឹងភាសាបរទេសរបស់នាង ទាំងអស់នេះហើយដែលខ្ញុំប្រាកដចិត្តថានារីម្នាក់នេះមិនមែនជាអ្នករត់តាក់ស៊ីទេហើយក៏មិនមែនជាមនុស្សស្រីធម្មតាដែរ។ កូនរថយន្តបើកចេញទៅខ្ញុំក៏ស្គែនឥវ៉ាន់ដើម្បីចូលសណ្ឋាគារទាំងកែវភ្នែកដិតជាប់ស្នាមញញឹមចុងក្រោយរបស់នាង។ ថ្ងៃបន្ទាប់ខ្ញុំបានដើរទស្សនាតំបន់ទេសចរណ៍ទាំងអស់ក្នុងទីក្រុងភ្នំពេញ ខ្ញុំព្យាយាមចុចទូរស័ព្ទដើម្បីហៅរកតាក់ស៊ីម្នាក់នោះដែរ ប៉ុន្តែរកមិនឃើញសោះ។ ភ្នំពេញមានឱកាសធ្វើជំនួញច្រើនណាស់ប៉ុន្តែកិច្ចការក្រុមហ៊ុនរបស់ខ្ញុំក៏មានច្រើនពេកដែរហើយ បីថ្ងៃបន្ទាប់ខ្ញុំក៏ត្រលប់មកហុងកុងវិញ។ ខ្ញុំចាកចេញពីកម្ពុជាដោយលាមួយម៉ាត់ក្នុងចិត្តត្បិតនេះជាលើកចុងក្រោយ ដោយយល់ថានឹងមិនមានឱកាសអ្វីត្រលប់មកម្តងទៀតនោះទេ។….ពេលវេលាកន្លងហួសទៅដោយមមាញឹក សង្គមប្រែប្រួលមិនចេះចប់ អស់ពីចលាចលរវាងក្រុមអ្នកតវ៉ានិងកងប៉ូលីសហុងកុង ក៏មកជួបបញ្ហាវីរុសកូរ៉ូណាជំងឺឆ្លងដ៏សាហាវដែលមានប្រភពដើមពីក្រុងវូហាន ស្របពេលនោះដែរខ្ញុំបានទទួលសំបុត្រអញ្ជើញពីដៃគូជំនួញក្រុមហ៊ុនរបស់ខ្ញុំជាមួយមិត្តរួមការងារបីបួននាក់ទៀតដើម្បីលំហែលើកប៉ាល់ទេសរណ៍ខ្នាតយក្សមួយគ្រឿងដែលមានប្រភពពីសហរដ្ឋអាមេរិចឈ្មោះថា Westerdam។ កប៉ាល់របស់យើងចេញដំណើរពីស្ថានីយ៍ខៃតាក់កំពង់ផែហុងកុងនៅថ្ងៃទី១ ខែកុម្ភៈ នាឆ្នាំ២០២០ ដោយមានអ្នកទេសចរចម្រុះជាតិសាសន៍សរុប១៤៥៥នាក់។ ពួកយើងចំណាយពេលដ៏រីករាយលើផ្ទៃសមុទ្រដ៏ល្វឹងល្វើយ ប៉ុន្តែបន្ទាប់មកក៏ទទួលដំណឹងដ៏ក្រៀមក្រំគឺតៃវ៉ាន់ ជប៉ុននិងកោះមួយចំនួនមិនអនុញ្ញាតិអោយកប៉ាល់យក្សរបស់យើងចូលចតឡើយព្រោះខ្លាចជំងឺឆ្លងកូរ៉ូណានេះគឺស្របពេលដែលស្បៀងលើកប៉ាល់ជិតនឹងអស់ ហើយចុងក្រោយកំពង់ផែរបស់ថៃក៏បដិសេធយើងទៀត។ គ្រប់គ្នាលើកប៉ាល់អស់សង្ឃឹមជាខ្លាំង ពួកយើងស្រមៃមិនចេញទេថាជីវិតជាង២ពាន់នាក់នេះនឹងទៅជាបែបណា។ បញ្ហានេះបានបញ្ជូនដល់ហុងកុង ប៉ានិងម៉ាក់របស់ខ្ញុំខូចចិត្តជាខ្លាំងត្បិតខ្ញុំជាកូនប្រុសតែម្នាក់គត់របស់គាត់ ប៉ុន្តែពួកយើងមិនអាចធ្វើអ្វីបានទេក្រៅពីការបន់ស្រន់អធិដ្ឋាន។ ដំណើរវិលវល់ដ៏ភ័យព្រួយលើផ្ទៃសាគរជាង២សប្តាហ៍ ចុងក្រោយពួកយើងក៏ទទួលដំណឹងថាកម្ពុជាយល់ព្រមអោយWesterdam ចូលចតនៅកំពង់ផែ ខ្ញុំឃើញម្នាក់ៗត្រេកអរស្ទុះអោបគ្នីគ្នាដោយក្តីរំភើប ខុសអ្វីតែខ្ញុំដែលគ្រាន់តែលឺពាក្យថាកម្ពុជាភ្លាមព្រលឹងរបស់ខ្ញុំរសាត់ទៅដល់នារីម្នាក់នោះភ្លាម នារីដែលខ្ញុំបានជួបកាលពីឆ្នាំមុន កម្ពុជាដែលខ្ញុំគិតថានឹងមិនអាចជួបជាថ្មី ប៉ុន្តែក្នុងគ្រាអាសន្ននេះធ្វើអោយខ្ញុំមានឱកាសស្គាល់ម្តងទៀត។ ខ្ញុំរំភើបអ្វីម្ល៉េះដែលអ្នកជួយស្រោចស្រង់ជីវិតខ្ញុំ។ ព្រឹកថ្ងៃទី១៤ខែកុម្ភៈ ជាវេលាដ៏ស្រស់ស្អាតបំផុតសម្រាប់គ្រប់គ្នានៅលើនាវាយក្សនេះ ពួកយើងចូលកំពង់ផែព្រះសីហនុដោយមានវត្តមាននាយករដ្ឋមន្ត្រីរង់ចាំទទួលយ៉ាងកក់ក្តៅ។ ក្រោយការតេស្តលទ្ធផលវីរុស ម្នាក់ៗនាំគ្នាឡើងយន្តហោះទៅគោលដៅរៀងៗខ្លួន មិត្តភក្តិរបស់ខ្ញុំក៏នាំគ្នាត្រលប់ទៅហុងកុងវិញ ប៉ុន្តែខ្ញុំសម្រេចចិត្តធ្វើដំណើរបន្តមកទីក្រុងភ្នំពេញម្នាក់ឯង។ ក្នុងថ្ងៃដដែលម៉ោងជាង៥ល្ងាចខ្ញុំក៏មកដល់ភ្នំពេញ ចំណុចទីប្រជុំជនដែលមានអគារខ្ពស់ជាងគេពីរ នៅខាងក្រោយអគារនោះមានហាងកាហ្វេល្បីមួយឈ្មោះ Brown Cafe ដែលខ្ញុំធ្លាប់លឺថាកាហ្វេនេះជាម៉ាកសញ្ញាស្នាដៃម្ចាស់ដើមផ្ទាល់របស់ជនជាតិខ្មែរមួយរូប។ ខ្ញុំចូលសម្រាកនៅទីនេះបន្តិចដើម្បីភ្ជាប់អ៉ិនធើនែតទាក់ទងទៅគ្រួសាររបស់ខ្ញុំ។ នៅទីនេះខ្ញុំឃើញអ្នកខ្លះមានកាន់ផ្កាកុលាបទាំងបាច់ៗស្និទ្ធស្នាលជាមួយដៃគូខ្លួនទើបខ្ញុំរលឹកឃើញថាថ្ងៃនេះគឺជាទិវានៃក្តីស្រលាញ់ ភារកិច្ចជីវិតនិងជំនួញធ្វើអោយខ្ញុំនឿយហត់ភ្លេចអស់អ្វីៗដែលធ្លាប់ពិសេសកន្លងមក។ ខ្ញុំទៅអង្គុយតុមួយកៀនជញ្ជាំងដើម្បីស្ងប់ស្ងាត់ពីគេឯង ហើយផ្ញើសេចក្តីសុខទុក្ខទៅប៉ានិងម៉ាក់របស់ខ្ញុំអំពីស្ថានភាពនេះ ពួកគាត់ត្រេកអរខ្លាំងណាស់ហើយនឹកសរសើរអរគុណដល់រដ្ឋាភិបាលកម្ពុជាមិនដាច់ពីមាត់ថែមទាំងប្រាប់ខ្ញុំថានឹងមកលេងកម្ពុជាក្នុងពេលវិស្សមកាលការងារខាងមុខ។ កន្លងប៉ុន្មាននាទីដ៏ធូរស្បើយខ្ញុំក្រេបរសជាតិកាហ្វេដកដង្ហើមវែងៗជាការសម្រួលអារម្មណ៍ សម្លេងជំហានស្នូរស្បែកជើងកែងរន្ធាន់ស្រាលៗកៀកមកជិតខ្ញុំ ធ្វើអោយក្រសែភ្នែកត្របាញ់ទៅរកម្ចាស់ស្នូរនេះ ស្រាប់តែបេះដូងរបស់ខ្ញុំលោតកញ្រ្ជោលក្នុងទ្រូងភ្លាមៗ នារីម្នាក់ពាក់ស្បែកជើងកែងខ្លីល្មមពាក់អាវសត្រនុយឯកសណ្ឋានការងារ ដៃអោបសៀវភៅថ្មីមួយក្បាលចូលមកអង្គុយនៅកៅអីមួយខាងមុខខ្ញុំ គឺរាងកាយនេះហើយដែលរក្សាវត្តមានក្នុងកែវភ្នែករបស់ខ្ញុំជាង1ឆ្នាំកន្លងមក។ ថ្វីបើនាងផ្លាស់ប្តូរស្តាយ៍សក់ ស្តាយ៍រៀបចំខ្លួនប៉ុន្តែដងខ្លួនដ៏ស្រឡូននិងទឹកមុខដ៏ស្រស់ពព្រាយរបស់នាងនៅតែអោយខ្ញុំកត់ចំណាំបាន។ ខ្ញុំស្រឡាំងកាំងសម្លឹងមើលនាងមិនព្រិចភ្នែក គ្រាដែលក្រលេកឃើញខ្ញុំនាងក៏ញញឹមមកកាន់ខ្ញុំវិញដោយកែវភ្នែកភ្ញាក់ផ្អើលដូចគ្នា រឺមួយនាងក៏ចាំខ្ញុំបានដែរ? គ្រានេះខ្ញុំបានស្រាយចម្ងល់ហើយថានាងមិនមែនជាអ្នករត់តាក់ស៊ីទេ ប៉ុន្តែក្នុងហេតុផលណាមួយរបស់នាងក៏ខ្ញុំមិនដឹង។ ស្នាមញញឹមរបស់នាងស្រស់បំព្រងណាស់ស្រោចស្រពចិត្តខ្ញុំអោយជ្រះពីភាពភ័យខ្លាចនៃវីរុសកូរ៉ូណា។ ខ្ញុំពិតជាអរគុណទាំងកប៉ាល់ Westerdam ទាំងរដ្ឋាភិបាលកម្ពុជា ដែលនាំអោយខ្ញុំត្រលប់មកជួបនាងម្តងទៀតដោយចៃដន្យយ៉ាងនេះ ខ្ញុំនឹងមិនអាចបំភ្លេចកម្ពុជាបានឡើយ…៕

ដកស្រង់ពីផេក Young Leadership Foundation-Cambodia


ចែករំលែក៖