លោក Kyril Louis-Dreyfus បានក្លាយជាម្ចាស់ក្លិបក្មេងជាងគេក្នុងពិភពបាល់ទាត់អង់គ្លេសបន្ទាប់ពីចូលកាន់កាប់ក្លិប Sunderland នៅវ័យ២៣ឆ្នាំ។
ក្រុមនៅអង់គ្លេស League 1 មួយនេះ ពីមុនត្រូវបានគ្រប់គ្រងដោយលោក Stewart Donald ដែលឥឡូវនេះនឹងក្លាយជាម្ចាស់ភាគហ៊ុនតិច ខណៈដែលក្រុមឆ្មាខ្មៅ Sunderland ព្យាយាមវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញ។
លោក Stewart Donald បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយ Sunderland ថា “ការប្តេជ្ញាចិត្តការជឿជាក់ និងភាពស្មោះត្រង់របស់លោក Kyril Louis-Dreyfus បានបញ្ចុះបញ្ចូលយើងឱ្យទទួលយកសំណើរបស់គាត់” ។
លោកបន្តថា “ចក្ខុវិស័យ និងបំណងប្រាថ្នារបស់គាត់ក្នុងការនាំយកភាពជោគជ័យត្រលប់មក Sunderland គឺឃើញច្បាស់តាំងពីដំបូង ហើយការដេញថ្លៃរបស់គាត់គឺជាអ្វីដែលយើងមានអារម្មណ៍ថាផ្ដល់ឱ្យក្លិបនូវឱកាសដ៏ល្អបំផុតនៃភាពជោគជ័យ និងនិរន្តរភាពរយៈពេលវែង។
លោក Kyril Louis-Dreyfus គឺជាកូនប្រុសរបស់លោក Robert Louis-Dreyfus ដែលជាអតីតនាយកប្រតិបត្តិនៅក្រុមហ៊ុន Adidas និងជាអតីតម្ចាស់ក្លិប Marseille នៅលីគកំពូលបារាំង Ligue 1 ៕ដោយ៖ភារៈ