ភ្នំពេញ ៖ បន្ទាប់ពីជនសង្ស័យមួយក្រុមជិះ ម៉ូតូពីរគ្រឿងមានគ្នា៦នាក់ ត្រឡប់ក្រោយ ដៃកាន់ដាវ កាំបិត ដេីរចូលក្នុងវង់ជនរងគ្រោះកំពុងអង្គុយផឹកស៊ីនៅក្នុងផ្ទះមិនបានប្រយ័ត្ន កាប់ចិញ្ច្រាំបណ្តាលអោយរបួសធ្ងន់ ស្រាលបីនាក់នៅកន្លែងកេីតហេតុ កាលពី អំឡុងម៉ោង៩និង៣០នាទី យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ តែបន្តិចក្រោយមកបានដាច់ខ្យល់ស្លាប់ម្នាក់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ប្រមាណជា៥ម៉ោងមកកម្លាំងកងរាជអាវុធហត្ថ និងនគរបាលខណ្ឌ ជ្រោយចង្វារស្រាវជ្រាវចាប់ឃាត់ខ្លួនជន សង្ស័យបានបីនាក់ និងបន្តស្វែងរកបក្ខពួក៣នាក់ទៀតដែលរត់គេចខ្លួន ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងជនរងគ្រោះកំពុងផឹកស៊ីជួបជុំគ្នានៅក្នុងផ្ទះ ។ លុះមកដល់ម៉ោងខាងលើ ស្រាប់តែលេចមុខជនដៃដល់ ជិះម៉ូតូ២គ្រឿង មានគ្នា៦នាក់ ប្រដាប់ដោយកាំបិត និងដាវ ចុះមកកាប់ប្រហារ យ៉ាងសាហាវ អាចផ្តេីមពីការខឹងក្រុមរងគ្រោះ ស្ដីឱ្យរឿងពួកគេ រោទិ៍ម៉ូតូមុខផ្ទះជនរងគ្រោះ ។
អំពេីឃាតកម្មដ៏ឃោឃៅនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោចង្វារ រាជធានីភ្នំពេញ ។
របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះរួមមាន ១.ឈ្មោះ សែម ហេង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបររត់តុៗ បានរងរបួសធ្ងន់ និងទី២.ឈ្មោះ ចឹប ចាន់ឌីន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើការក្នុងហាងអុីនធឺណេត បានរងរបួសស្រាល។ អ្នកទាំង២ មានទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងទី៣ឈ្មោះ លី តុ ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅបច្ចុប្បន្ន នៅភូមិស្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយកើតហេតុ នៅម៉ោង២៣៖៤០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំង ឣាវុធហត្ថខណ្ឌជ្រោយចង្វារ និង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួកចំនួន៦នាក់ នៅចំណុចរោងកម្មករស្នាក់នៅបុរីភ្នំពេញផាក ជាប់ផ្លូវជាតិលេខ៦អា មានទីតាំងមិនឆ្ងាយពីកន្លែងកេីតហេតុ ប៉ុន្មានទេ ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមកំណត់ហេតុសមត្ថកិច្ចអោយដឹងថា ជនសង្ស័យចំនួន៣នាក់ ដែលចាប់ខ្លួនរួមមាន ទី១. ឈ្មោះ រុន សុភ័ក្រ ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរជាសំណង់ រស់នៅស្រុកស្វាយលើ ខេត្តសៀមរាប ជាដៃដល់ ,ទី២. ឈ្មោះ ពេជ្រ ប៉ី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងសំណង់រស់នៅស្រុកដំដែក ខេត្តសៀមរាប ជាជនដៃដល់ និងទី៣.ឈ្មោះ វាន់ ឌឿន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងសំណង់ រស់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជនពាក់ព័ន្ធរួមគំនិត ។
វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿង ម៉ូតូហុង ដាសង់ប៊ិច ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BW.5444 ដាវ ចំនួន១ដើម ទូរស័ព្ទចំនួន ២ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ និងបក្ខពួកដែលរត់គេចខ្លួនមានចំនួន៤នាក់រួមមាន ទី១.ឈ្មោះ រ៉ា ភេទប្រុស ទី២.ឈ្មោះ មិត្ត ហៅអាបង ភេទប្រុស ទី៣.ឈ្មោះ រិទ្ធ ភេទប្រុស និងទី៤.ឈ្មោះ ក្រឹម ភេទប្រុស សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនយកផន្ទាទោសតាមច្បាប់។
ជុំវិញអំពើឃាតកម្មដ៏សាហាវខាងលើនេះ ប្រជាពលរដ្ឋបានធ្វើការថ្កោលទោស ទៅលើក្រុមជនដៃដល់ជាឃាតក សំណូមពរឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួន ទីបំផុតសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារឃាត់ខ្លួនបាន ៣នាក់ ក្រោយពេលតែប៉ុន្មានម៉ោងពួកគេធ្វើសកម្មភាព។ ដោយឡែកចំនួន ៣ នាក់ទៀតកំពុងស្វែងរកចាប់ខ្លួន៕
ដោយ៖ សិលា