ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញជ័យលាភីកីឡាបាញ់កាំភ្លើងជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធ

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតកីឡាបាញ់កំាភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាបាញ់កំាភ្លើងកម្ពុជា បានបញ្ចប់ដោយជោគជ័យ នៅទីលាននៃបញ្ជាការដ្ឋានកងទ័ពពិសេស ៩១១ (កាំបូល) រាជធានីភ្នំពេញ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ់រយៈពេល២ថ្ងៃ គណៈកម្មការបច្ចេកទេសនៃសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបង្ហាញលទ្ធផលជ័យលាភីរួមមាន៖ វិញ្ញាសាកាំភ្លើងវែង ២២ឡុង បុរស-នារី ៥០ម៉ែត្រ (១០គ្រាប់) ចំណាត់ថ្នាក់លេខ១ ហែម រ៉ាវី ស្ថាប័ននគរបាលជាតិ, លេខ២ កែម សុភ័ណ្ឌ និងលេខ៣ ផល សុទ្ធចា មកពីស្ថាប័នកងយោធពលខេមរភូមិន្ទដូចគ្នា។ វិញ្ញាសាកាំភ្លើងខ្លី ២២ឡុង បុរស-នារី ២៥ម៉ែត្រ (១០គ្រាប់) លេខ១ ហួត ភ័ស ស្ថាប័នអាវុធហត្ថរាជធានីភ្នំពេញ, លេខ២ សួន សារ៉េត កងយោធពលខេមរភូមិន្ទ និងលេខ៣ អឹម សុធារក្ស អាវុធហត្ថរាជធានីភ្នំពេញ។ វិញ្ញាសាកាំភ្លើងខ្លី ៩ម.ម បុរស-នារី ៥-១២ម៉ែត្រ (៣៤គ្រាប់) ចំណាត់ថ្នាក់លេខ១ សូ ឃុនវីរៈ, លេខ២ ផាន់ វិទ្យា និងលេខ៣ ដេត សីហា។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ និងពានរង្វាន់សហព័ន្ធនេះ ត្រូវបានលើកពេលជាច្រើនលើក ដោយសារការប្រុងប្រយ័ត្ននៃវិបត្តិជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងទប់ស្កាត់យ៉ាងខ្លាំង។ ជាមួយនឹងការរៀបចំនៅពេលនេះក៏មិនទាន់បានធំទូលាយនៅឡើយទេ ដោយរៀបចំក្នុងចំនួនមួយដែលអាចគ្រប់គ្រងបាន ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ-១៩។ តាមរយៈការប្រកួតនេះគឺជាផែនការអភិវឌ្ឍវិស័យកីឡាបាញ់កាំភ្លើងកម្ពុជា ដើម្បីត្រៀមខ្លួនឲ្យបានល្អក្នុងការចូលរួមប្រកួតប្រជែងនៅក្នុងកម្រិតអន្តរជាតិនានានៅពេលខាងមុខ ដូចជាអូឡាំពិកហ្គេម កីឡាអាស៊ី និងស៊ីហ្គេម នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១ ក៏ដូចជាការសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខផងដែរ។ «ការបាញ់កាំភ្លើង ពីមុនគេឮសូរ ជាពាក្យដែលគេយល់ក្នុងផ្លូវអវិជ្ជមាន ដូចជាការបាញ់បោះសេរី ខ្ញុំក៏ដូចជាសមាជិកប្រតិបត្តិសហព័ន្ធតែងតែងរៀបចំការបាញ់នេះ ដើម្បីបង្ហាញទេពកោសល្យ ការបង្ហាញថ្វីដៃនៅលើទីលានប្រកួត ដែលជាការចូលរួមចំណែកការការពារសន្តិសុខ សុវត្ថិភាពសង្គម មិនមែនជាការបាញ់បោះសេរីបន្លាចប្រជាពលរដ្ឋ ការបង្កអសន្តិសុខ ឬអស្ថិរភាពនោះទេ។ ខ្ញុំតែងតែលើកឡើងថា អ្នកដែលចូលចិត្តបាញ់កាំភ្លើង មានកំាភ្លើងទំនើបល្អៗគ្រប់ប្រភេទ បើល្អមែនទែនសូមមកបាញ់នៅក្នុងទីលានប្រកួតជាមួយយើងខ្ញុំ ដោយកុំទៅបាញ់សម្លុត គម្រាមកំហែងក្រៅរង្វង់ច្បាប់ នាំតែអន្តរាយដល់ខ្លួនឯងទៅវិញ។ ការចូលរួមប្រកួតនេះ គឺជាឱកាសពិតប្រាកដ ដែលយើងអាចបង្ហាញស្នាដៃបាញ់កាំភ្លើង តាមយៈការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះជាដើម»។
លោកប្រធានសហព័ន្ធបន្ថែមទៀតថា កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះ គឺភាគច្រើនជាកម្លាំងមកពីក្រសួង ស្ថាប័ន អង្គភាពដែលមានសមត្ថកិច្ច ហើយសហព័ន្ធទទួលបានការគាំទ្រជាច្រើនពីអ្នកស្នេហាវិស័យកីឡាបាញ់កំាភ្លើង ក៏ដូចជាបណ្តាក្រុមហ៊ុន និងសប្បុរសជននានា ដោយឯកឧត្តមជឿជាក់ថា វិស័យកីឡាបាញ់កាំភ្លើងនេះ នឹងបោះជំហានទៅមុខជាបន្តបន្ទាប់ជាមួយនិងធនធានថវិកា ធនធានកីឡាករ កីឡាការិនី ក្នុងការបន្តអភិវឌ្ឍឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកប្រធានសហព័ន្ធបានអំពាវនាវ និងស្វាគមន៍ចំពោះអ្នកស្រឡាញ់ការបាញ់កាំភ្លើងនានាសូមមកចូលរួមជាមួយសហព័ន្ធ ក្នុងផ្លូវល្អ ក្នុងផ្លូវដែលមានប្រយោជន៍សម្រាប់សន្តិសុខ សុវត្ថិភាពសង្គម។ ជាទូទៅ កីឡាគឺជាការបញ្ជាក់អំពីការរីកចម្រើនរបស់ប្រទេសជាតិមួយ ដោយកីឡានេះហើយដែលមានទំនាក់ទំនងនឹងវិស័យជាច្រើនទៀតដូចជាសេដ្ឋកិច្ច សង្គម សុខាភិបាល រួមទាំងជំរុញឲ្យមានវិន័យ សេចក្តីថ្លៃថ្នូ ភាពរឹងមាំនៃរាងកាយ និងភាពរឹងមាំនៃផ្លូវចិត្តផងដែរ៕

ប្រភព: ទទក


ចែករំលែក៖