អ្នកដែលរស់នៅតាមចិញ្ចើមថ្នល់ប្រមាណ៤០នាក់នៅក្នុងទីក្រុង St. Petersburg ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ លោក Taysia Suvorova មកពីអង្គការក្រៅរដ្ឋាភិបាល ដែលតែងតែជួយដល់ពលរដ្ឋគ្មានផ្ទះសម្បែងបានឲ្យដឹងថា នៅទីក្រុងSt Petersburg មានមនុស្សជាច្រើនប្រឈមនឹងហានិភ័យខ្ពស់ពីការឆ្លងរាលដាលកូវីដ-១៩។
មានពលរដ្ឋគ្មានផ្ទះសម្បែង ត្រូវរស់នៅតាមចិញ្ចើមថ្នល់ដល់ទៅ ១៥.០០០នាក់ ក្នុងចំណោមពលរដ្ឋជាង៥លាននាក់រស់នៅក្នុងទីក្រុងនេះ។
លោក Galina Ivanovna អាយុ៥៧ឆ្នាំ បានឲ្យដឹងក្រោយទទួលបានការចាក់វ៉ាក់សាំងប្រឆាំង កូវីដ-១៩ បាននិយាយថា «មនុស្សមួយចំនួនបាននិយាយពីបញ្ហាវ៉ាក់សាំង ប៉ុន្តែខ្ញុំគិតថា ចំណុចវិជ្ជមានច្រើនជាងអវិជ្ជមាន។ ខ្ញុំពិតជារីករាយយ៉ាងខ្លាំងដែលទទួលបានការចាក់វ៉ាក់សាំង»។
លោក Aleksandr Suvorov អាយុ៦០ឆ្នាំ ក៏បានលើកឡើងផងដែរថា ការចាក់វ៉ាក់សាំងគឺជារឿងល្អបំផុត ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ កាន់តែស្មុគស្មាញ។
រុស្ស៊ីបានអនុម័តវ៉ាក់សាំងកូវីដ-១៩ Sputnik V នៅខែសីហាឆ្នាំ២០២០។ នៅខែតុលាឆ្នាំ២០២០ វ៉ាក់សាំងទីពីរ EpiVacCorona ក៏ទទួលបានការអនុម័ត ហើយនៅថ្ងៃទី២០ខែកុម្ភៈវ៉ាក់សាំងទី៣ CoviVac ទទួលបានការអនុម័តនៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១។
ឧបនាយករដ្ឋមន្ត្រី រុស្ស៊ី លោក Tatiana Golikova បានប្រកាសថា ប្រទេសនេះផលិតបានវ៉ាក់សាំង១១,១លានដូស ក្នុងនោះមាន ៧,៩លានដូស ចាក់ជូនពលរដ្ឋនៅក្នុងប្រទេស។ តាមគម្រោងរុស្ស៊ី នឹងផលិតវ៉ាក់សាំង ចំនួន៨៨លានដូសនៅពាក់កណ្តាលឆ្នាំ២០២១ ក្នុងនោះក្រុមហ៊ុន sputnik v ផលិតចំនួន៨៣លានដូស។ បច្ចុប្បន្នរុស្ស៊ីមានករណីឆ្លងកូវីដ-១៩ ដល់ទៅ៤,២លាននាក់ និងស្លាប់ជាង៨៣ពាន់នាក់៕
ដោយ៖ធីរីណា