ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកត្រាក់ទ័រសណ្ដោងរ៉ឺម៉កបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយម៉ូតូរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកត្រាក់ទ័រសណ្ដោងរ៉ឺម៉កបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិចក ឃុំកំពង់ចក ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលរងរបួសធ្ងន់មានឈ្មោះរឹម សាវ៉ន អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃំុអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១K-២១០២។

ចំណែកអ្នកបើកត្រាក់ទ័រសណ្ដោងរ៉ឺម៉កត្រូវបានស្គាល់ឈ្មោះ អៀង ប៊ុនឡុង  អាយុ១៩ឆ្នាំ រស់នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មិនមានរបួសនោះទេ ក្រោយបង្កហេតុបានរត់គេចខ្លួនបាត់ភ្លាមៗ។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើកត្រាក់ទ័រសណ្ដោងរ៉ឺម៉កមួយគ្រឿងក្នុងទិសដៅពីត្បូងទៅជើងលើផ្លូវជាតិលេខ១៣ ហើយក៏បានបត់ឆ្វេងមិនប្រយត្ន័ស្រាប់តែមានម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១K-២១០២ជិះតែម្នាក់ឯងក្នុងទិសដៅបញ្ច្រាសគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏បុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ក្រោយមកអ្នករងរបួសត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យនិងធ្វើការវាស់វែងរួចយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយនាពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖